តុលាការប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ីបានកាត់ទោសអតីតរដ្ឋមន្ត្រីខុទ្ទកាល័យម្នាក់ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំកាលពីថ្ងៃចន្ទទី២៣សីហាបន្ទាប់ពីរកឃើញថាគាត់មានពិរុទ្ធពីបទទទួលសំណូកទាក់ទងនឹងការចែកចាយជំនួយកូវីដរបស់រដ្ឋាភិបាល។
អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជូលីយ៉ារី ភីតធឺ បាទូបារ៉ា ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីគាត់បានចូលខ្លួនសារភាពនៅគណៈកម្មការលុបបំបាត់អំពើពុករលួយគឺតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានគណៈកម្មការនេះបានអំពាវនាវជាសាធារណៈឱ្យគាត់ចូលបង្ហាញខ្លួន។
ការចាប់ខ្លួនរូបលោកបានកើតឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការនេះបានរារាំងការប៉ុនប៉ងប្រគល់វ៉ាលិសនិងកាបូបស្ពាយចំនួន ៧ ដែលមានប្រាក់សុទ្ធចំនួន ១,៣លានដុល្លារទៅកាន់ក្រុមមន្ត្រីក្រសួងជាច្រើនរូបទៀត។ គាត់ត្រូវបានប្រធានាធិបតីចូកូ វីដូដូបណ្តេញចេញភ្លាមៗ។
ករណីនេះបាននាំឱ្យមានកំហឹងជាសាធារណៈខណៈឥណ្ឌូនេស៊ីកំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនិងដោះស្រាយផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ចបង្កដោយមេរោគកូរ៉ូណា។
តុលាការប្រឆាំងពុករលួយបានសម្រេចថា លោកបាទូបារ៉ាមានពិរុទ្ធពីបទរំលោភអំណាចរបស់គាត់ដោយធ្វើឱ្យខ្លួនឯងនិងក្រុមមន្ត្រីផ្សេងទៀតក្លាយជាសេដ្ឋី។តុលាការក៏បញ្ជាឱ្យគាត់បង់ប្រាក់ពិន័យចំនួន ៥០០ លានរូពី (៣៤.៦៩០ ដុល្លារ) ហើយនិយាយថា គាត់នឹងត្រូវជាប់ពន្ធនាគារថែម ៦ ខែទៀត ប្រសិនបើគាត់មិនបង់ប្រាក់ពិន័យ៕