ម៉ាឡេស៊ីទទួលបានវ៉ាក់សាំងចិន CanSino «ប្រភេទចាក់តែ១ដូស» ជាលើកដំបូង!

(គូឡាឡាំពួ)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានអោយដឹងថា
នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសម៉ាឡេស៊ីបានទទួលវ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុនចិន CanSino Biologics «ប្រភេទចាក់តែ១ដូស» ជាលើកដំបូងចំនួន ២០០,០០០ដូស ដែលត្រូវបានដឹកជញ្ជូនមកដល់ទីក្រុងគូឡាឡាំពួ។ ម៉ាឡេស៊ីបានក្លាយជាប្រទេសដំបូងក្នុងតំបន់ ដែលទទួលបានសិទ្ធិក្នុងការចូលរួមធ្វើតេស្ត និងបញ្ជា ទិញវ៉ាក់សាំង CanSino ខាងលើនេះពីប្រទេសចិនសរុប ៣.៥លានដូស។

ក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រច្នៃបង្កើតថ្មី នៃប្រទេសម៉ាឡេស៊ី បានប្រកាសនៅថ្ងៃសុក្រនេះថា វ៉ាក់សាំង ២០០,០០០ដូស ដែលមកដល់នៅពេលនេះ គឺជាជំហានដំបូងបំផុត ហើយវានឹងត្រូវបញ្ជូនទៅ កាន់តំបន់គោលដៅនានា ដើម្បីជួយសម្រេចផែនការកសាងភាពសុំាក្នុងសហគមន៍ នៃប្រទេស អាស៊ានមួយនេះ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានអនុម័តឲ្យប្រើ វ៉ាក់សាំងបង្ការ COVID-19 ប្រភេទចាក់តែ១ដូស របស់ក្រុមហ៊ុនចិន CanSino Biologics អមដោយលក្ខខណ្ឌមួយចំនួន។

គិតត្រឹមថ្ងៃទី២០ ខែសីហានេះ ប្រទេសម៉ាឡេស៊ីដែលមាន ប្រជាជនសរុប ៣២.៧លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងណាហោចណាស់ ១ដូស ជូនប្រជាជនក្នុងអត្រា ៥៤% នៃចំនួនប្រជាជនសរុប ខណៈប្រជាជន ៣៦% បានទទួល ការចាក់គ្រប់ដូស៕