សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសម្តែងការអបអរសាទរជូន លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទ រយ៉ាងកក់ក្តៅជូន លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ដែលត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី តែងតាំងជានាយករដ្ឋមន្រ្តីទី០៩ របស់ប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញនេះ។

ក្នុងសារលិខិតដែលទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ពិតជាទទួលបាននូវជំនឿទុកចិត្តយ៉ាងធំធេង ក្នុងការដឹកនាំប្រទេសជាតិ ខណៈ ដែលម៉ាឡេស៊ី ដូចជាពិភពលោកទាំងមូលដែរ កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការផ្ទុះឡើងវិញនូវ ជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពប្រជាជន និងសេដ្ឋកិច្ច។

«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ឯកឧត្តម ប្រទេសម៉ាឡេស៊ី នឹងងើបឡើងវិញប្រកបដោយឋាមពលកាន់តែខ្លាំងក្លាពីការលំបាក និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ន នេះហើយនឹងសម្រេចបាននូវកំណើនកាន់តែខ្ពស់ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមលើគ្រប់ទិដ្ឋភាព»។ នេះបើតាមសម្តេចតេជោ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនង មិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងការប្រាស្រ័យទាក់ទងរវាងប្រជាជន និង ប្រជាជននៃប្រទេសរបស់យើងមានកំណើនគួរឲ្យកត់សម្គាល់ ហើយក៏កំពុងបន្តកើនឡើងថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណង ទាក់ទង និង កិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង ក៏ដូច ជាដើម្បីសន្តិភាព សិ្ថរភាព សន្តិសុខ និងការ កសាងសហគមន៍អាស៊ានដ៏រឹងមាំ»។

លោក អ៉ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob) ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី សម្រេចព្រះទ័យតែងតាំង ជានាយករដ្ឋមន្ត្រីថ្មី កាលពីម្សិលមិញ ដើម្បីបិទបញ្ចប់ជម្លោះនយោបាយ ដ៏រុំារ៉ៃ ដែលប្រទេសអាស៊ានមួយនេះបានជួបប្រទះ។

លោក Ismail Sabri នឹងស្បថចូលកាន់ តំណែងជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២១ ខែសីហានេះ។ ការតែងតាំងលោក Ismail Sabri បានកើត ឡើងមិនដល់មួយសប្តាហ៍ឡើយ ក្រោយនាយករដ្ឋមន្ត្រីមុនគឺលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) និងគណៈរដ្ឋមន្ត្រីរបស់លោកទាំងមូល បានសម្រេចចិត្តលាលែងចេញពី តំណែង កាលពីថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅ៕