ក្រសួងសាធារណការ កំពុងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក និងត្រៀមដាក់ជូនរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែក នៅកម្ពុជា និងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើង គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោក ចង់ឃើញការដឹកជញ្ជូនទំនិញ តាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើង ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និង សមាហរណកម្មក្នុងតំបន់ (IRITWG) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពី ចម្ងាយ ពីបណ្តាដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទបង្ហាញពីវឌ្ឈនភាពនៃគម្រោងកំពុងសាងសង់ និងនាពេល អនាគតនៅកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការ ប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយ មានការចូលរួមធ្វើបទបង្ហាញពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួង សាធារណការ និងដឹកជញ្ជូន ជំនាញ ការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ស្ថានទូត និង តំណាងដៃគូអភិវឌ្ឍន៍នានាផងដែរ។

អង្គប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងវិស័យផ្លូវជនបទ វឌ្ឍនភាពគម្រោងសាងសង់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញថ្មី របាយការណ៍វឌ្ឍនភាព ស្តីពី សកម្មភាព ការងារអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ ទូរគមនាគមន៍ ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ការបោះពុម្ភផ្សាយស្ដីពីទស្សន ទានវិស័យហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាគាររដ្ឋបាលស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥ ការអភិវឌ្ឍន៍វិស័យភស្តុភាកម្ម និងវឌ្ឍនភាពក្របខ័ណ្ឌ អភិវឌ្ឍន៍ភាពជាដៃគូរដ្ឋ និងឯកជន។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងពង្រីក និងលើកកម្ពស់ គុណភាពបណ្តាញផ្លូវជាតិនិងស្ពានសំខាន់ៗ និងគម្រោងនាពេលអនាគត ក្នុងនោះរួមមាន៖ គម្រោងពង្រីកនិងលើកកំពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ និង២២ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៩ ផ្លូវ ជាតិលេខ១០ ការបញ្ចប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ការបញ្ចប់ការ ចរចាជាមួយ ក្រុមហ៊ុនម៉ៅការ សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ ដែលគ្រោងនឹង បើកការដ្ឋាននៅចុងឆ្នាំនេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីគម្រោងលើកកម្ពស់គុណភាពផ្លូវពី ផ្លូវកៅស៊ូពីរ ស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) ដែលរួមមានដូចជា៖ ផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវ ជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ៣ទៅស្រុកកំពង់ត្រាច និងផ្លូវ ជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែប ទៅស្រុកកំពង់ត្រាច ហើយគម្រោងលើកកម្ពស់គុណភាព ផ្លូវទាំង បីខ្សែ នេះត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ នៅរង់ចាំរៀបចំបើកការដ្ឋានសាងសង់នាពេល ខាងមុខប៉ុណ្ណោះ។

ជាងនេះទៅទៀតឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ក្រសួងបាននិងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បានបញ្ចប់ការសិក្សាគម្រោង ផ្លូវ តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២២ និងកំពុងសិក្សា គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយលើគោល ការណ៍កសាង ប្រតិបត្តិ ផ្ទេរ(BOT) បានបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅ ក្រុងព្រះសីហនុចំនួន៣៤ខ្សែ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែ នៅក្រុង សៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ ពេលនេះសម្រេចបានប្រមាណ៧០% និងគ្រោងបញ្ចប់ ការសាងសង់នៅចុងឆ្នាំនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA) ដែលបាន គាំទ្រដល់គម្រោងសិក្សាលទ្ធភាពសាងសង់ចំណតកំពង់ផែ កុងតឺន័រថ្មី ជម្រៅ១៤ម៉ែត្រកន្លះ នៅ កំពង់ផែក្រុងព្រះសីហនុ ដែលអាចអនុញ្ញាតឱ្យនាវាចំនួន៩៣% នៅ តំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូល ចតបាន និងបានជម្រាបជូន អំពី គម្រោងពង្រីកសមត្ថភាពកំពង់ផែ មួយចំនួនផ្សេងទៀតរួមមាន៖ កំពង់ផែខេត្តកំពត កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែទន្លេផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវ ការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ៕