(បាងកក,ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដាក់សំណើចំនួន៧ចំណុច ទៅរដ្ឋមន្ត្រីក្រសួងទេស ចរណ៍របស់ថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជួយជំរុញដល់វីស័យ ទេសចរណ៍នៅកម្ពុជា។
សំណើរបស់លោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ជំនួបនេះធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងវិស័យទេសចរណ៍កម្ពុជា-ថៃឡើងវិញ ទាំងក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ១៩។
លោក បណ្ឌិត សុខ សុក្រឹត្យា បានជម្រាបលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានរាតត្បាតនៅកម្ពុជា។
ជាពិសេសការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋក៏ដូចជាជនបរទេស និងអ្នក ទេសចរអន្តរជាតិ ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាសម្រេចបានជាង ៨៥ ចំពោះមនុស្សមានអាយុពី ១៨ឆ្នាំឡើងទៅ និងជាង ៣២% ចំពោះយុវវ័យ និងកុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានជម្រាបភាគីថៃ ពីការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការស្តារ ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរ គ្រប់ជាតិសាសន៍។ ជាពិសេសជនជាតិថៃ ដែលនឹងអញ្ជើញមកទស្សនាកម្ពុជា នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជំងឺរាត ត្បាតកូវីដ១៩ បានធូរស្រាល។
លោកបណ្ឌិត សុក្រឹត្យា ក៏បានស្នើសុំភាគីថៃចំនួន ៧ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍រវាងកម្ពុជា-ថៃ ក៏ដូចជាជួយជំរុញនូវវិស័យទេសចរណ៍របស់កម្ពុជា។ សំណើទាំង៧នោះ រួមមាន៖
១៖ បង្កើនការផ្តល់អាហារូបករណ៍ទេសចរណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជា
២៖ ជំរុញផ្នែកឯកជនថៃចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅខេត្ត ព្រះសីហនុឲ្យបានច្រើន
៣៖ បង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ទេសចរបរទេស
៥៖ ជំរុញចលនាទេសចរណ៍បើកបរឆ្លងដែន (Selfdrive Tourism)
៦៖ ជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋាការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មក ទស្សនាកម្ពុជា និងថៃ
៧៖ បង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ ព្រះរាជាណាចក្រពីរគោលដៅតែមួយ (Two Kingdom One Destination) ។
ក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានអញ្ជើញលោករដ្ឋមន្ត្រីទេសចរណ៍ថៃចូល រួមវេទិកាទេសចរណ៍អាស៊ាន (ATF 2022) នៅខេត្តព្រះសីហនុ។
ជាកិច្ចឆ្លើយតបលោករដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ បានទទួលយកការអញ្ជើញនេះ ព្រមទាំង បានសន្យាបង្កើនការផ្តល់អាហារូបករណ៍ ដល់មន្ត្រីទេសចរណ៍កម្ពុជាបន្ថែមទៀត និងនាំយក សំណើដទៃទៀតទៅពិនិត្យ និងបន្តផ្តល់កិច្ចសហការឲ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយជា មួយកម្ពុជា។
ដោយឡែកបន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោក Phiphat Ratchakitprakarn ទីប្រឹក្សាផ្ទាល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ និង បរទេស អំពីសុខសន្តិភាព ស្ថិរភាពនយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេសកម្ពុជាមានច្បាប់វិនិយោគថ្មីដ៏ល្អបំផុតនៅក្នុងតំបន់ ដែលបានមកពីការដឹកនាំដ៏ត្រឹម ត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះ លោកបណ្ឌិត បានស្នើសុំឱ្យអ្នកសារព័ត៌មានថៃ ជួយបង្កើនការផ្សព្វផ្សាយពីសក្តានុ ពលទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ ផ្ទះនៅឆ្នាំ២០២២ ទៅកាន់ព្រះរាជាណាចក្រថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់។
ជាការឆ្លើយតប ក្រុមអ្នកសារព័ត៌មាន បានសន្យាជួយកម្ពុជា ក្នុងការបន្តផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត៕