សិង្ហបុរី៖ បុរសអង់គ្លេសម្នាក់ ត្រូវបានកាត់ទោសដាក់គុក៦សប្តាហ៍នៅសិង្ហបុរី ចំពោះការមិនពាក់និងរំខានប៉ូលិស នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការកាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋបែបទីក្រុងនេះ អនុវត្តវិធានការម៉ឺងម៉ាត់ដើម្បីប្រឆាំងនឹងអ្នកមិនគោរពច្បាប់ប្រឆាំងកូវីដ១៩និងមានករណីដាក់ទោសជនបរទេសជាច្រើនមកហើយដែរ។
បេនចាមីន គ្លីន ត្រូវបានចាប់ខ្លួនបន្ទាប់ពីរូបភាពគាត់មិនពាក់ម៉ាស់នៅលើរថភ្លើងកាលពីខែឧសភាត្រូវបានបង្ហោះព្រោងព្រាត។បុរសអាយុ៤០ឆ្នាំរូបនេះក៏បានរារាំងប៉ូលិសដែលត្រូវបានបញ្ចូនទៅចាប់គាត់ ហើយថែមទាំងបដិសេធមិនពាក់ម៉ាស់ក្នុងអំឡុងពេលសវនាការកាលពីខែមុន។
កាលពីថ្ងៃពុធម្សិលមិញ គាត់ត្រូវបានកាត់ទោសចំពោះការរំលោភច្បាប់កូវីដ១៩ និងអាកប្បកិរិយារបស់គាត់ចំពោះប៉ូលិសនិងការបង្កការរំខានសាធារណៈ។
មន្ត្រីតុលាការបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នេះថា រយៈពេលជាប់ទោសនេះគិតចាប់ពីថ្ងៃ១៩កក្កដាមក ដូច្នេះជននេះបានបំពេញការជាប់គុកបាន២ភាគ៣នៃពេលជាប់គុកហើយ។បេនចាមីន គ្លីន ត្រូវបានដោះលែងកាលពីថ្ងៃពុធ ហើយនឹងត្រូវនិរទេសខ្លួន។
កាលពីខែឧសភា ជនជាតិអង់គ្លេស៩នាក់ក៏ត្រូវបានហាមធ្វើការនៅសិង្ហបុរី ចំពោះការរំលោភច្បាប់ប្រឆាំងកូវីដ១៩ ដោយសារពួកគេជួបជុំគ្នាជប់លៀងសប្បាយនៅលើនាវាកម្សាន្តមួយ។នៅខែមិថុនា បុរសអង់គ្លេស៤នាក់ ត្រូវហាមស្រដៀងគ្នាក្រោយពួកគេបំពានការរឹតត្បិត៕