ដំណើររបស់អនុប្រធានាធិបតីកាម៉ាឡា ហារីសទៅកាន់សិង្ហបុរីនិងវៀតណាមនឹងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ក្រុមមន្ត្រីជាន់ខ្ពស់អាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៩ ខែសីហាថា អនុប្រធានាធិបតីអាម៉េរិកលោកស្រីកាម៉ាឡា ហារីសនឹងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសសិង្ហបុរីនិងវៀតណាមនាពេលខាងមុខ។

មន្ត្រីម្នាក់បានប្រាប់អ្នកយកព័ត៌មានអំឡុងសន្និសីទខ្លីមួយក្នុងលក្ខខណ្ឌអនាមិកយ៉ាងដូច្នេះថា “តំបន់អាស៊ីអាគ្នេយ៍នេះពិតជាមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាម៉េរិក”។

លោកបានបន្ថែមថា “អនុប្រធានាធិបតី…ទទួលស្គាល់ថាប្រវត្តិសាស្ត្រភាគច្រើននៃសតវត្សរ៍ទី ២១ នឹងត្រូវកត់ត្រានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងមានផលប្រយោជន៍យូរអង្វែងនៅទីនោះ។

ហើយនោះហើយជាមូលហេតុដែលលោកស្រីផ្តោតអារម្មណ៍ខ្លាំងលើតំបន់នេះហើយនឹងរៀបចំការធ្វើដំណើរនេះ”។
ដំណើររបស់លោកស្រីហារីសទៅកាន់អាស៊ីអាគ្នេយ៍គឺជាដំណើរទស្សនកិច្ចបរទេសលើកទីពីររបស់លោកស្រីចាប់តាំងពីឡើងកាន់តំណែងកាលពីខែមករានិងជាដំណើរទស្សនកិច្ចលើកដំបូងរបស់អនុប្រធានាធិបតីអាម៉េរិកទៅកាន់វៀតណាម។

លោកស្រីនឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អាម៉េរិកដែលនឹងមកបំពេញទស្សនកិច្ចនៅតំបន់នេះចាប់តាំងពីប្រធានាធិបតីចូ បៃដិនបានស្បថចូលកាន់តំណែងកាលពីខែមករាហើយដំណើររបស់លោកស្រីបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឡយ អូស្ទីនទៅកាន់សិង្ហបុរី វៀតណាម និងហ្វីលីពីនកាលពីខែមុន។

មន្ត្រីរូបនេះបាននិយាយថា ដំណើររបស់លោកស្រីនឹងបញ្ជាក់ពីការផ្តោតសំខាន់របស់រដ្ឋបាលបៃដិនលើការធ្វើឱ្យសម្ពន្ធភាពនិងភាពជាដៃគូរស់ឡើងវិញនៅជុំវិញពិភពលោក ហើយលោកស្រីហារីស “ទទួលស្គាល់ពីសារៈសំខាន់នៃការបង្ហាញមុខផ្ទាល់និងការចូលរួមផ្ទាល់”។

ទស្សនកិច្ចរបស់លោកស្រីធ្វើឡើងចំពេលមានការបារម្ភនៅទីក្រុងវ៉ាស៊ីនតោនថា ចិនកំពុងកើនឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជំរុញដោយការព្រងើយកន្តើយពីមុនដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

មន្ត្រីដដែលនិយាយថា ទស្សនកិច្ចរបស់លោកស្រីនឹងបញ្ជាក់ច្បាស់ថា អាម៉េរិកជាផ្នែកមួយនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ “នឹងបន្តនៅទីនេះ”ហើយនឹងជំរុញទៅមុខបន្ថែមទៀតនូវគោលដៅរបស់រដ្ឋបាលបៃដិនក្នុងការថែរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសេរីភាពនិងបើកចំហ៕