ប្រទេសថៃចាប់ផ្តើមកម្មវិធី “ប្រអប់ខ្សាច់រោងចក្រ” ដើម្បីការពារវិស័យផលិតកម្មតម្លៃ ២១ ពាន់លានដុល្លាររបស់ខ្លួន

ថៃបានចាប់ផ្តើមកម្មវិធីសាកល្បងមួយដើម្បីធ្វើតេស្តិ៍ ចាក់វ៉ាក់សាំងនិង ដាក់នៅដាច់ដោយឡែកចំពោះកម្មកររោងចក្រដើម្បីកាត់បន្ថយការរំខានដែលទាក់ទងនឹងកូវីដ១៩ ដល់ឧស្សាហកម្មផលិតកម្មដែលពឹងលើការនាំចេញរបស់ខ្លួន និងជាវិស័យរះត្រចង់តិចតួចប៉ុណ្ណោះនៅក្នុងសេដ្ឋកិច្ចដែលខ្ទេចខ្ទាំដោយសារវីរុសកូរ៉ូណា។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនៅសប្តាហ៍នេះបានឱ្យដឹងថា គំនិតផ្តួចផ្តើមអំពី “ប្រអប់ខ្សាច់រោងចក្រ”មានគោលបំណងការពារការងារចំនួនបីលាននិងគាំទ្រដល់បណ្តាក្រុមហ៊ុនផលិតដែលរួមចំណែកប្រហែល ៧០០ ពាន់លានបាត (ប្រហែល ២១ ពាន់លានដុល្លារអាម៉េរិក) ដល់ផលិតផលក្នុងស្រុកសរុប។

សេចក្តីថ្លែងការណ៍បាននិយាយថា “ផែនការនេះនឹងផ្តោតលើរោងចក្រដែលជួលមនុស្សយ៉ាងតិច ៥០០ នាក់ហើយនឹងបង្កើតទំនុកចិត្តសម្រាប់វិនិយោគិនថៃនិងបរទេសក្នុងពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសគូប្រជែងកំពុងបិទ”។

យោងតាមរបាយការណ៍របស់ធនាគារ Goldman Sachs ការនាំចេញរបស់ថៃនៅត្រីមាសទីពីរបានកើនឡើង ២៧,៥ ភាគរយធៀបនឹងឆ្នាំមុនដោយកំណើនក្នុងវិស័យផលិតកម្មគឺស្ថិតក្នុងចំណោមវិស័យភ្លឺត្រចង់តិចតួចប៉ុណ្ណោះនៃសេដ្ឋកិច្ចចំពេលការចំណាយលើការលក់រាយចុះខ្សោយជាហេតុនាំឱ្យថយចុះប្រសិទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់និងការបំពេញចន្លោះប្រហោងនៃវិស័យទេសចរណ៍។

ឈ្មោះរបស់គម្រោងនេះគឺជាការលេងពាក្យយកតាមកម្មវិធី “ប្រអប់ខ្សាច់ភូកេត” ដែលជាកម្មវិធីមួយមានគោលបំណងធ្វើឱ្យវិស័យទេសចរណ៍នៅកោះមានប្រជាប្រិយបំផុតរបស់ថៃរស់ឡើងវិញ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានប្រឈមមុខឥតល្ហែនឹងការកើនឡើងនៃការឆ្លងកូវីដ១៩ ចាប់តាំងពីដើមខែមេសា ដោយចង្កោមមេរោគកូរ៉ូណាជាង ៥០០ត្រូវបានរកឃើញនៅក្នុងរោងចក្រ។

ជំរុញការឆ្លងដោយមេរោគ Delta ការផ្ទុះឡើងនៃកូវីដ១៩បានបង្កឱ្យមានការផ្អាកផលិតកម្មនិងកង្វះការផ្គត់ផ្គង់ហួសព្រំដែនថៃស្របពេលរោងចក្រជាច្រើននៅវៀតណាមត្រូវបង្ខំចិត្តបិទទ្វារបណ្តោះអាសន្នផងដែរ។

កម្មវិធីប្រអប់ខ្សាច់រោងចក្រនឹងផ្តោតលើរោងចក្រធំៗ ដែលផលិតរថយន្ត គ្រឿងអេឡិចត្រូនិច អាហារ និងសម្ភារៈពេទ្យសម្រាប់នាំចេញនៅខេត្តជាច្រើន ដែលជាមណ្ឌលផលិតកម្មដ៏សំខាន់៕