កម្ពុជា និងសិង្ហបុរី គ្រោងរៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិ នៅខេត្តព្រះសីហនុ

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី គ្រោងសហការគ្នារៀបចំការប្រកួ តកីឡាទូកក្ដោងអន្ដរជាតិមួយ នៅខេត្តព្រះសីហនុនាខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ការបង្ហើបនូវគម្រោងរៀបចំព្រឹត្តិការណ៍អន្ដរជាតិនាខេត្តព្រះសីហនុនេះ បានធ្វើឡើងក្នុងសន្និបាត បូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់គណៈកម្មាធិការជាតិ CAMSOC កាលពីថ្មីៗ ហើយបានទទួលការគាំទ្រពេញទំហឹងពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយសម្ដេចបានជំរុញឲ្យរៀបចំដើម្បីលើកកម្ពស់គុណផលកីឡាកម្រិតខ្ពស់របស់កីឡាទូកក្ដោងកម្ពុជាត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង។

ឯកឧត្តម ថោង ខុន បានថ្លែងថា «បន្ទាប់ពីដឹងថា ស៊ីហ្គេម ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលទៅ ខែមេសា ឆ្នាំ២០២២ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះវៀតណាម ដាក់កីឡាទូកក្ដោងក្នុងប្រភេទ កីឡាប្រកួតស៊ីហ្គេម ហេតុនេះសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក៏បានខិតខំ និងមានគម្រោងសហការ ជាមួយសហព័ន្ធកីឡាទូកក្ដៅកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិមួយ នៅខេត្តព្រះ សីហនុនាខែធ្នូ ឆ្នាំ២០២១ ដែលតាមគម្រោងមានអត្តពលិកចូលរួមប្រកួតប្រហែល ៧ ទៅ ៨ ប្រទេស…»។

ឯកឧត្តម រដ្ឋមន្ដ្រីបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការគម្រោងរៀបចំការប្រកួតកីឡាទូក ក្ដោងអន្ដរជាតិនៅកម្ពុជានេះ ពិសេសដោយមានការគាំទ្រពីសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ព្រោះប្រសិនពុំមិនមានការប្រកួតអន្ដរជាតិនោះទេ អាចជាផលលំបាកសម្រាប់ការត្រៀមខ្លួន ក៏ដូចជាការវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម។ ដូច្នេះកិច្ចសហការរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គឺជាការល្អមួយ ដើម្បីជំរុញវិស័យ កីឡាទូកក្ដោងកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕