ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាហ្វរ៉ាហ្វ ហ្គានីបាននិយាយការពារការសម្រេចចិត្តរបស់គាត់ក្នុងការរត់ភៀសខ្លួនពីទីក្រុងកាប៊ុលនៅចំពោះមុខការរុលចូលរបស់ក្រុមតាលីបង់ ដោយចាត់ទុកវាថាជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចៀសការបង្ហូរឈាម។
លោកក៏បានបដិសេធផងដែរចំពោះការអះអាងរបស់ឯកអគ្គរដ្ឋទូតរបស់លោកប្រចាំនៅប្រទេសតាជីគីស្ថានថា គាត់បានលួចលុយចំនួន ១៦៩ លានដុល្លារពីមូលនិធិរដ្ឋ។
លោកហ្គានីបានបង្ហោះវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃពុធទី១៨សីហាដោយបញ្ជាក់ថាលោកកំពុងស្ថិតនៅអារ៉ាប់រួមអេមីរ៉ាត។
លោកបានអរគុណកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅក្នុងសារនេះ ប៉ុន្តែក៏បាននិយាយផងដែរថា “បរាជ័យនៃដំណើរការសន្តិភាព” បាននាំឱ្យតាលីបង់ដណ្តើមអំណាច។
លោកបានអះអាងថា លោកត្រូវបាន “បង្ខំចិត្តចាកចេញពីអាហ្វហ្គានីស្ថានជាមួយនឹងសម្លៀកបំពាក់ប្រពៃណីមួយឈុត អាវកាក់មួយ និងស្បែកជើងមួយគូដែលខ្ញុំពាក់”។
លោកបាននិយាយថា “ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅថ្ងៃនេះថាប្រាក់ត្រូវបានផ្ទេរចេញ ដែលជាការចោទប្រកាន់គ្មានមូលដ្ឋានទាំងស្រុង”។
លោកហ្គានីបានចាកចេញពីអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យខណៈពួកតាលីបង់បានមកដល់ទីក្រុងកាប៊ុល៕