អ្នកពន្លត់ភ្លើងរាប់រយនាក់កាលពីថ្ងៃពុធទី១៨សីហាបានតស៊ូដល់ថ្ងៃទី៣ ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់បារាំងនៅជិតរមណីយដ្ឋានសង់ត្រូប៉េ(Saint-Tropez)ក្នុងតំបន់Rivieraតាមឆ្នេរសមុទ្រម៉េឌីទែរ៉ាណេ។អគ្គិភ័យនេះបណ្តាលអោយស្លាប់មនុស្ស២នាក់ និងបង្ខំអោយមនុស្សនិងអ្នកទេសចររាប់ពាន់នាក់ភៀសខ្លួន។
មនុស្ស២៤នាក់ក៏បានរងរបួសក្នុងអគ្គិភ័យនេះដែរ រួមមានអ្នកពន្លត់ភ្លើង៥នាក់។
នេះជាភ្លើងឆេះព្រៃចុងក្រោយនៅតំបន់មេឌីទែរ៉ាណេ ដែលអគ្គិភ័យជាបន្តបន្ទាប់នៅរដូវក្តៅក្នុងតំបន់នេះបានឆក់យកជីវិតមនុស្សនៅក្រិច តួកគី អ៊ីតាលីនិងអាល់ហ្សេរីនៅប៉ុន្មានសប្តាហ៍មកនេះ។
អគ្គិភ័យនៅជិតSaint-Tropez បានគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៥.០០០ហិចតានៅក្នុងតំបន់មួយដែលល្បីល្បាញខាងព្រៃឈើស្រស់ស្អាត ចំការទំពាំងបាយជូនិងសត្វព្រៃ៕