ប្រទេសជប៉ុនពង្រីកស្ថានភាពគ្រាអាសន្ននៅពេលកូវីដ១៩កាន់តែរាតត្បាត

តូក្យូ៖ មន្ទីរពេទ្យមួយនៅកោះអូគីណាវ៉ា បានក្លាយជាកន្លែងផ្ទុះកូវីដ១៩ជាចង្កោមធំមួយ ដោយវាបានចម្លងមនុស្ស១៩៦នាក់ក្នុងរយៈពេល១ខែ ក្នុងចំណោមអ្នកឆ្លងទាំងនេះ ៦៤នាក់បានស្លាប់។

សាលាមធ្យមសិក្សាមួយនៅតំបន់មីយ៉ាហ្សាគី ក៏ជួបការផ្ទុះកូវីដ១៩ ក្រោយសមាជិកក្រុមបាល់ឳប១៣នាក់ឆ្លងកូវីដ១៩។សម្រាមសំរាប់អ្នកនៅសង្កាត់ តៃតូក្នុងក្រុងតូក្យូប្រមាណ២០០.០០០នាក់នឹងមិនមានអ្នកមកយកសម្រាមចេញពីផ្ទះរបស់គេទេរហូតដល់ចុងខែបន្ទាប់ពីអ្នកប្រមូលសម្រាម១៧នាក់ឆ្លងកូវីដ១៩។

វីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទDeltaបានងាកក្បាលរបស់វាទៅតំបន់ផ្សេងៗនៃប្រទេសជប៉ុននៅប៉ុន្មានសប្តាហ៍មកនេះ ហើយក្នុងចំណោមជនរងគ្រោះ រួមមានមន្ត្រីស្ថានីយរថភ្លើងនៅស៊ីប៊ូយ៉ានិយោជិតនៅផ្សារLumineនៅស៊ិនជូគុ និងផ្សារHankyuនៅអូសាកា ព្រមទាំងសមាជិកកំពូលក្រុមតន្ត្រីAKB48។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី យ៉ូស៊ីហ៊ីដេ ស៊ូហ្កា បានទទួលស្គាល់ថាភាពសាហាវនៃការរាតត្បាតរបស់កូវីដ១៩ ជំរុញដោយវីរុសDelta ដោយលោកនិយាយថា វាពិតជា«មិននឹកស្មានដល់សោះ»។

នេះជាសន្និសីទកាសែតលើកទី៣ក្នុងរយៈពេល៦សប្តាហ៍ ដោយមួយលើកៗលោកតែងពង្រីកតំបន់នៅក្រោមស្ថានភាពគ្រាអាសន្ន នៅពេលសាធារណជនចោទសួរអំពីលទ្ធភាពដឹកនាំរបស់លោក។

កាលពីថ្ងៃអង្គារ លោកស៊ូហ្កាបានពន្យារពេលអនុវត្តវិធានការគ្រាអាសន្នចាប់ពីពេលត្រូវបញ្ចប់នៅថ្ងៃ៣១សីហាដល់១២កញ្ញាហើយពង្រីកតំបន់ក្រោមស្ថានភាពគ្រាអាសន្នពី៦ដល់១៣តំបន់(ខេត្ត)។តំបន់១៦ទៀត នឹងស្ថិតក្រោមវិធានការ«ស្ទើរគ្រាអាសន្ន»៕