តុលាការមួយនៅវៀតណាមកណ្តាលបានកាត់ទោសប្រហារជីវិតបុរសឡាវ៣នាក់ចំពោះទោសលួចដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីននិងថ្នាំញៀនផ្សេងទៀតចូលក្នុងប្រទេសវៀតណាម។
បរុសទាំងបី អាយុ២៥,២៧និង៣១ឆ្នាំ ត្រូវបានឆ្មាំព្រំដែនសហការជាមួយកងកម្លាំងដទៃទៀតចាប់ខ្លួនបាននៅក្នុងខេត្តហាទិញ ក្នុងពេលពួកគេបើករថយន្តដឹកថ្នាំមេតំហ្វេតាមីន៤៥គីឡូក្រាម ថ្នាំសំយោគ៦គីឡូក្រាម និងហេរ៉ូអ៊ីន៣០កញ្ចប់ទម្ងន់៣៥០ក្រាម កាលពីខែតុលា ឆ្នាំ២០១៩។
ក្រោយត្រូវចាប់ខ្លួន បុរសទាំង៣បានប្រាប់ប៉ូលិសថា ពួកគេត្រូវជនជាតិឡាវម្នាក់ជួលអោយនាំថ្នាំញៀនទាំងនេះទៅអោយដៃគូរកស៊ីម្នាក់នៅក្នុងខេត្តហាទិញ ដោយទទួលបានថ្លៃឈ្នួលម្នាក់ៗ២ពាន់ដុល្លារ។
វៀតណាមជាមជ្ឈមណ្ឌលឆ្លងកាត់ថ្នាំញៀនធំមួយចេញពីតំបន់ត្រីកោណមាស ទៅកាន់កោះតៃវ៉ាន់ ប្រទេសហ្វីលីពីន ម៉ាឡេស៊ី អូស្ត្រាលី អាម៉េរិកឡាទីននិងអឺរ៉ុប។
ប្រទេសនេះមានច្បាប់ប្រឆាំងថ្នាំញៀនតឹងរឹងបំផុតមួយក្នុងចំណោមច្បាប់ថ្នាំញៀនតឹងរឹងនានានៅក្នុងលោក ដោយជនណាមានឬលួចដឹកជញ្ជូនថ្នាំហេរ៉ូអ៊ីនត្រឹមតែ០,៦គីឡូក្រាម ឬមេតំហ្វេតាមីន២,៥គីឡូក្រាមឡើងប្រឈមការប្រហារជីវិត៕