អាមេរិកនឹងចូលទៅដឹកមនុស្សបន្ថែមទៀត ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុម តាលីបង់ធានាសុវត្ថិភាព

(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថាសេតវិមានប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ក្រុមតាលីបង់ បានសន្យាធានាសុវត្ថិភាពដល់ជនស៊ីវិល ដែលមានបំណងធ្វើដំណើរទៅកាន់ អាកាសយានដ្ឋាន ក្នុងរដ្ឋធានីកាប៊ុល ខណៈយោធាអាមេរិកកំពុងបង្កើនល្បឿនជម្លៀសកងទ័ព, ពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្កានីស្ថានជាច្រើនទៀត។

តាមរយៈសន្និសីទព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក ចេក សាល់លីវែន (Jake Sullivan) បានអះអាងថា មនុស្សមួយចំនួនធំបានចូល ទៅដល់ អាកាសយានដ្ឋានរដ្ឋធានីកាប៊ុល បើទោះជាមានសេចក្ដីរាយការណ៍ថា មនុស្សជាច្រើនត្រូវ បានវាយដំ ខណៈពួកគេព្យាយាមសម្រុកចូលឡើងជិះយន្ដហោះ ចេញពីអាហ្វហ្កានីស្ថានក៏ដោយ។

លោក Jake Sullivan បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ក្រុមតាលីបង់បានជូនដំណឹងមកពួកយើងថា ពួកគេបានត្រៀមខ្លួន ផ្ដល់សុវត្ថិភាពធ្វើដំណើរ សម្រាប់ជនស៊ីវិលដែលមានបំណងធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន»៕