(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យរោងចក្រសហគ្រាស ជា ពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប ចាប់ផ្តើមធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ លើកម្មករ និយោជិត យ៉ាងហោចណាស់២ដង នៅមុន ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីឆ្លើយតបចំពោះការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងការងារ ដែលទទួល បាន។
សេចក្តីណែនាំនេះ ធ្វើឡើងដោយ ក្រោយមានសារាចរណែនាំរបស់ក្រសួងសុខាភិបាលលេខ៣៧៣ សខល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពីវិធានការ នៃការរួមចំណែកកាត់បន្ថយការរីករាល ដាលនៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមស្មារតី នៃយុទ្ធនា ការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» របស់អនុ គណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ ជាពិសេសចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងការងារ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប អនុវត្តដូចខាងក្រោម៖
១៖ ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ ឱ្យបានយ៉ាងតិច ២ដង មុនថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១។
២៖ អាចបញ្ជាទិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃស ណីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា។
៣៖ ករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។
៤៖ ត្រូវបន្តណែនាំដល់កម្មករនិយោជិតឱ្យបន្តអនុវត្តវិធានអនាម័យ សុវត្ថិភាព និងសុខភាពការ ងារនៅកន្លែងធ្វើការ និងអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង កុំទៅកាន់ ទីតាំង ៣ «ជ» (កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិត)។
៥៖ ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំលើមុខសញ្ញាកម្មករ និយោជិតដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស នឹងអនុវត្តតាមខ្លឹមសារសេចក្តីណែនាំឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធ ភាពខ្ពស់៕