នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់មូលហេតុក្រសួងការពារជាតិ ធ្វើបណ្ណចាក់វ៉ាក់សាំង ខុសពីក្រសួងសុខាភិបាល ហើយមិនអាចប្រគល់ជូនប្រជាពលរដ្ឋបានភ្លាមៗ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយក្រុមការងារចាក់ វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានសម្តែងការងឿងឆ្ងល់របស់ពួកគេចំពោះការមិនអាចទទួលបានបណ្ណចាក់វ៉ាក់សាំងភ្លាមៗ ដូចជាការចាក់ជាមួយក្រសួងសុខាភិបាល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្រសួងការពារជាតិ បានស្នើសុំ កុំឱ្យមានការប្រៀបធៀបរវាងការងាររបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ព្រោះក្រសួង ទាំងពីរបានធ្វើសកម្មភាពលើគោលដៅតែមួយ ដើម្បីឱ្យប្រជាពលរដ្ឋបានវ៉ាក់សាំងទប់ទល់ជាមួយ មេរោគកូវីដ១៩។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពន្យល់ពីមូលហេតុ និងរបៀបរបបមួយ ចំនួននៃការធ្វើបណ្ណវ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដែលនាំឱ្យមានការយឺត និងមិនអាចចេញ បណ្ណបានភ្លាមៗជូនអ្នកចាក់វ៉ាក់សាំង។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា កាលដើមឡើយក្រសួងការពារជាតិទទួល បន្ទុកចាក់វ៉ាក់សាំងសម្រាប់តែកងទ័ព និងគ្រួសារកងទ័ពប៉ុណ្ណោះ ព្រោះថាការងារ ឬទិន្នន័យរបស់ កងទ័ពមានភាពសម្ងាត់ពាក់ព័ន្ធកិច្ចការសន្តិសុខជាតិ។ ដោយចង់មានភាពច្បាស់លាស់លើការងារចាក់វ៉ាក់សាំងនេះ ទើបសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឱ្យការធ្វើបណ្ណសម្រាប់អ្នកចាក់វ៉ាក់សាំង ត្រូវមានភ្ជាប់រូបថតនៅលើបណ្ណទាំងនោះ។

ដូច្នេះការធ្វើបណ្ណដោយមានភ្ជាប់រូបថតជាមួយនេះ គឺមិនអាចធ្វើចេញបានភ្លាមៗជូនអ្នកចាក់វ៉ាក់សាំងបាននោះឡើយ។

តែក្រោយមកដើម្បីពន្លឿនដល់ការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ក្រហមក្នុង រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅនោះ ទើបរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យ ក្រុមការងារចាក់វ៉ាក់សាំងជួយចាក់ជូនប្រជាពលរដ្ឋ។

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលបន្ទុកចាក់វ៉ាក់សាំងនៅក្នុងរាជធានី-ខេត្ត ចំនួន៩រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ ស្វាយរៀង កំពង់ចាម សៀមរាប និងបន្ទាយមានជ័យ។ ៩រាជធានី-ខេត្តនេះ មានប្រជាពលរដ្ឋសរុបប្រមាណជា ២លាន ៧សែននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ ដូសទី១ ចាក់រួចរាល់ស្ទើរតែទាំងស្រុងហើយ នៅសល់តែក្នុង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យប៉ុណ្ណោះ។

ដោយឡែកការងារផលិត និងផ្តល់បណ្ណចាក់វ៉ាក់សាំងវិញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន បញ្ជាក់ថា ក្រុមការងារផលិតបានរួចរាល់ប្រមាណ ១លាន ២សែន ហើយបានប្រគល់បណ្ណជូន ប្រជាពលរដ្ឋបានប្រមាណ ៨០ម៉ឺននាក់រួចហើយ។ ជាមួយគ្នានេះ ទិន្នន័យអ្នកចាក់វ៉ាក់សាំងប្រមាណ ២លាន ២សែននាក់ បានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរួចរាល់ហើយ។ ទិន្នន័យអ្នកចាក់ដែលមិនទាន់បញ្ចូលមានប្រមាណជា ៥សែនទៀតប៉ុណ្ណោះ។

ការផលិតបណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារ មានដំណាក់កាលជាបន្តបន្ទាប់ដូចតទៅនេះ៖ ការថតរូប និងឯកសាររបស់អ្នកចាក់នៅកន្លែងចាក់វ៉ាក់សាំង, បញ្ជូនទិន្នន័យអ្នកចាក់ចូលទៅកាន់ កន្លែងផ្ទុកទិន្នន័យ, វាយបញ្ចូលទិន្នន័យរបស់អ្នកចាក់ទៅក្នុងប្រព័ន្ធ, ការពិនិត្យ និងផ្ទៀងផ្ទាត់ ទិន្នន័យ, ការផលិតចេញជាបណ្ណ, ការផ្ទៀងផ្ទាត់ទិន្នន័យលើបណ្ណ និងការបញ្ជូនទៅចែកចាយ។

ដោយសារមានដំណាក់កាលច្រើនដំណាក់នេះហើយ ទើបនាំឱ្យការផលិតបណ្ណចាក់វ៉ាក់សាំងរបស់ ក្រសួងការពារជាតិ មិនអាចសម្រេចបានភ្លាមៗ។

បើទោះបីជាយ៉ាងណា ក្រសួងការពារជាតិ បានកំពុងបង្កើនល្បឿននៃការផលិតបណ្ណវ៉ាក់សាំងនេះ ដោយរំពឹងថា នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្រោយពេលបណ្ណធ្វើរួចរាល់ ហើយប្រគល់ទៅតាមគោលដៅចាក់នោះ គឺមានសារផ្ញើទៅកាន់លេខ ទូរស័ព្ទរបស់ម្ចាស់បណ្ណ ដើម្បីជូនដំណឹងឱ្យគេមកទទួលបណ្ណ។

តែក្នុងនោះ ក៏មានអ្នកចាក់មួយចំនួន ដែលលេខទូរស័ព្ទមិនអាចទាក់ទងបាន។ ដូច្នេះពួកគេអាច ទៅទាក់ទងជាមួយអាជ្ញាធរនៅមូលដ្ឋានដែលគេបានចាក់វ៉ាក់សាំងនោះ៕