ចំនួនអ្នកស្លាប់ដោយរញ្ជួយដីនៅហៃទីកើនឡើងដល់ ១.៩៤១ នាក់ និងរបួស ៩.៩៩០ នាក់

បន្ទាប់ពីព្យុះត្រូពិចហ្គ្រេសបានបញ្ឈប់កិច្ចប្រឹងប្រែងដើម្បីស្វែងរកជនរងគ្រោះពីរញ្ជួយដីដ៏សាហាវនៅហៃទីមួយរយៈខ្លីការស្វែងរកបានបន្តឡើងវិញកាលពីថ្ងៃអង្គារទី១៧សីហា នៅពេលដែលសាកសព ៥០០ នាក់ទៀតត្រូវបានរកឃើញ។

មន្ត្រីនៅប្រទេសក្នុងតំបន់ការ៉ាអ៊ីបនេះបាននិយាយថា ចំនួនអ្នកស្លាប់នៅពេលនេះមានចំនួន ១.៩៤១ នាក់។

ព្យុះបាននាំមកនូវការបញ្ឈប់បណ្តោះអាសន្នដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះ ដោយបង្កកំហឹងដល់ប្រជាជនហៃទីរាប់ពាន់នាក់ដែលគ្មានផ្ទះសម្បែងដោយសារគ្រោះមហន្តរាយកាលពីចុងសប្តាហ៍។

ព្យុះហ្គ្រេសបានវាយលុកភាគនិរតីប្រទេសហៃទីដែលរងការវាយប្រហារយ៉ាងខ្លាំងបំផុតដោយរញ្ជួយដីកាលពីថ្ងៃសៅរ៍ ហើយក្រុមមន្ត្រីបានព្រមានថា តំបន់ខ្លះអាចមានភ្លៀងធ្លាក់កម្រិត ១៥ អ៊ីញ មុនពេលព្យុះបន្តដំណើរទៅមុខទៀត។

ភ្លៀងខ្លាំងបានធ្លាក់ឥតឈប់ឈរនៅទីក្រុងឡេសខេយ៉េសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយរញ្ជួយដីនិងនៅក្នុងរដ្ឋធានីព័រអូប្រាំង។

នៅរសៀលថ្ងៃអង្គារ ទីភ្នាក់ងារការពារស៊ីវិលបានបង្កើនចំនួនអ្នកស្លាប់ដល់ ១.៩៤១ នាក់និងចំនួនអ្នករបួសដល់ ៩.៩០០នាក់ដែលភាគច្រើនត្រូវរង់ចាំជំនួយវេជ្ជសាស្ត្រនៅខាងក្រៅក្រោមកម្តៅថ្ងៃបែកក្រហែង។

គេនៅមិនទាន់ច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់កំពុងបាត់ខ្លួន៕