ពលរដ្ឋខ្មែរ ២ នាក់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅព្រំដែន ចោទពីបទចូលកាប់ឈើ ខុសច្បាប់ ហើយមកទល់ព្រឹកថ្ងៃទី១៨ ខែសីហា នេះ ពលរដ្ឋខ្មែរទាំង ២ នាក់នោះ ត្រូវបានសមត្ថកិច្ចឧទ្យានុរក្សថៃ នៅស្រុកឡាក់ ហានសាយ ខេត្តបូរីរម្យ កសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើរបស់ខ្លួនហើយនឹងបន្ត ទៅដល់ដៃតុលាការ ។
នេះបើយោងសមត្ថកិច្ច កងកម្លាំង ការពារព្រំដែន កម្ពុជា នៅស្រុកថ្មពួក បានប្រាប់កាសែតរស្មីកម្ពុជា កាលពីព្រឹក ថ្ងៃទី១៨ ខែសីហា នេះ។
យោងនគរបាល ការពារព្រំដែន វរសេនាតូចលេខ ៨០៧ ថ្មពួក បានអោយដឹងថាៈ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២ អធ្រាត្រ មានប្រជាពលរដ្ឋខ្មែរ ចំនួន ២ នាក់ ត្រូវបានមេព្រៃថៃ (ឧទ្យានុរក្សថៃ) ចាប់ខ្លួននៅត្រង់ចំណុច ខាងជើង បង្គោលសីមា ២៨ ប្រហែល ៥០០ ម៉ែត្រ។
ពលរដ្ឋ ២ នាក់នោះ ១.ឈ្មោះ លឿន សែន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិ ដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង ២.ឈ្មោះ ពា ពាន់ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិថ្មីកណ្ដាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ។
មូលហេតុ នៃការចាប់ខ្លួនឡើង កាប់ឈើ នៅទឹកដីថៃ (ឧទ្យានជាតិ ព្រះមហាក្សត្រថៃ) នៅជួរភ្នំដងរែក ក្នុងភូមិសាស្ត្រ ស្រុកឡាក់ហាមសាយ ខេត្តបូរីរម្យ ទល់មុខស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្រុមគ្រួសារពលរដ្ឋទាំង២នាក់ បានមករាយការណ៍ ជូនសមត្ថកិច្ច នគរបាលប៉ុស្តិ៍ រដ្ឋបាល ស្តីពីការបាត់ខ្លួន សមាជិកក្រុមគ្រួសារខ្លួន នៅថ្ងៃទី១៧ ខែសីហា កន្លងទៅ៕