ក្រសួងធនធានទឹក និងឧតុនិយម នៅព្រលប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានជូនដំណឹង ស្តីពីសន្ទស្សន៍នៃការកើនឡើង កាំរស្មីព្រះអាទិត្យ UV ។
ក្នុងសេចក្តីជូនដំណឹង បានសរសេរយោងតាមការស្រាវជ្រាវ របស់អង្គការឧតុនិយមពិភពលោក WMO ដែលបង្ហាញឲ្យឃើញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹងទទួលរងនូវ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍ កើនឡើងដល់ កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល) ។
ការកើនឡើង នៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។ យោងលើស្ថានភាព ដូចបានជម្រាប ជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះ បាតុភូត ខាងលើនេះ ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ លើបាតុ ភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីមានការប្រែប្រួល៕