ក្រសួងកសិកម្ម និង ពាណិជ្ជកម្ម មិនអនុញ្ញាតឲ្យនាំជ្រូករស់មួយលានក្បាល មកផ្គត់ផ្គង់នៅទីផ្សារនៅក្នុងស្រុក

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅព្រឹកនេះ បានឆ្លើយតប លើសំណើរគោរពស្នើសុំការអនុញ្ញាត ជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត សាកល្បងនាំចូលសត្វជ្រូកសាច់រស់ចំនួន មួយលានក្បាលក្នុងមួយឆ្នាំ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់នៅព្រលឹមនេះថា “ខ្ញុំសូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍ ដែលបានពិភាក្សារវាងក្រសួងទាំងពីរ និងបានរៀបចំឡើង ហើយនិងបានលើក សំណើស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋា ភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច នាពេលកន្លងទៅ ជាលទ្ធផលគឺប្រមុខ រាជរដ្ឋាភិបាល បានឯកភាព ។ អាស្រ័យហេតុនេះ សូមសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន និងសហការអនុវត្តន៍ ” ។

តាមលិខិតនោះ ក្រសួងទាំងពីរមិនគាំទ្រគម្រោងនាំចូលជ្រូករស់មួយលានក្បាល តាមការស្នើសុំនេះទេ ដោយជំរុញឲ្យក្រុមហ៊ុនដែលបានដាក់ស្នើឲ្យបង្វែរទុនមក វិនិយោគនៅកម្ពុជា។

កាលពីថ្ងៃទី ១៦ ខែ សីហា កន្លងទៅនេះ ក្រសួងកសិកម្ម បានសរសេរលិខិតមួយច្បាប់ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាកម្មវត្ថុស្តីពីលទ្ធផលពិភាក្សាលើសំណើរគោរពស្នើ សុំការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត សាកល្បងនាំចូលសត្វជ្រូកសាច់ រស់ចំនួន មួយលានក្បាលក្នុងមួយឆ្នាំ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។

ប្រភពដដែលបានបន្តថា សំណើរនេះ គឺធ្វើឡើងដោយយោងតាម ចំណារដ៏ខ្ពង់ ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លើពាក្យស្នើសុំរបស់ក្រុមហ៊ុន ប៊ី វាយ ជី វើលវ៉ាយដ៏ គ្រុប។

លិខិតនោះ បានគោរពជម្រាបជូន សម្តេច អគ្គមហារសនាបតីតេជោ នាយករដ្ឋមន្ត្រី ជ្រាបថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក លោក វេង សាខុន និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានពិភាក្សាលើសំណើ គោរពស្នើសុំការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតសាកល្បងនាំចូលសត្វជ្រូកសាច់រស់ចំនួន មួយលានក្បាលក្នុងមួយឆ្នាំ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។

ឯកឧត្តម វេង សាខុនបានបញ្ជាក់នៅក្នុងលិខិតនោះថា ” ខ្ញុំបាទសូមអនុញ្ញាតជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជ្រាបថា ក្នុងស្ថានភាពជំងឺ កូវីដ-១៩ កំពុងរីក រាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសកលលោក តំបន់ និងនៅកម្ពុជាផងដែរ ដែលបានបង្កជា ផលប៉ះពាល់ដល់ផលិតកម្មតូចតាច ជីវភាពរស់នៅ និងសុវត្ថិភាព ស្បៀងអាហាររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ដើម្បីត្រៀមស្បៀងបម្រុងទុក សម្រាប់ តម្រូវការនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាព តម្លៃសត្វ-សាច់ក្នុងដំណាក់កាលដែលមានផលប៉ះពាល់ជាសកល នឹងអាចអូសបន្លាយរយៈពេលយូរនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល និងរៀបចំគោល នយោបាយបង្កើនការដាំដុះ បន្លែ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការកាត់បន្ថយចំនួនជ្រូកនាំចូលពី បរទេសពី ២០.៤០០ក្បាល/១ថ្ងៃ នៅខែមករា ឆ្នាំ២០២០ មកនៅត្រឹមចំនួន៦៧០០ក្បាល/១ថ្ងៃ ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ បច្ចុប្បន្នការអនុញ្ញាតឱ្យនាំចូលនៅត្រឹមតែចំនួន ៦.៣០០ក្បាល/១ថ្ងៃ គឺក្នុងន័យបង្កើនផលិតកម្ម សត្វជ្រូកក្នុងស្រុក និងរកទីផ្សារ ជូនកសិករ ក្រុមហ៊ុនចិញ្ចឹមជ្រូក និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីបំពេញនូវ កង្វះខាត១៨%តែប៉ុណ្ណោះ” ។

ឯកឧត្តម បានបន្តថា ជាលទ្ធផល ក្រសួងសង្កេតឃើញថា ការកាត់បន្ថយការនាំចូល មួយរយៈពេលនេះមកតម្លៃជ្រូករស់ មានការកើនឡើង និងការផ្គត់ផ្គង់ក្នុងស្រុកមាន ស្ថេរភាព ក្នុងរង្វង់ចន្លោះពី ១១.០០០រៀល ទៅ ១២.៨០០រៀលក្នុង មួយគីឡូក្រាម ដែលតម្លៃនេះប្រជាកសិករ អ្នកចិញ្ចឹមសត្វ និងអ្នកទទួលទានសាច់ជ្រូកអាចទទួល យកបាន។ ជាមួយគ្នានេះ ដោយមានការលើកទឹកចិត្តពីប្រមុខដឹកនាំ របស់រាជ រដ្ឋាភិបាលក្នុងការជំរុញផលិតកម្មសត្វ ក្នុងស្រុកបានធ្វើឱ្យកសិករ ក្រុមហ៊ុនចិញ្ចឹមសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ខិតខំពង្រីកផលិតកម្មរបស់ខ្លួនជាពិសេសផលិតកម្ម ជ្រូក និងបក្សីជាលក្ខណៈពាណិជ្ជកម្ម។ ជាក់ស្ដែង គិតត្រឹមខែកក្កដា ឆ្នាំ២០២០នេះ ក្រសួង ទទួលបានការស្នើសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកចំនួន៣០កសិដ្ឋាន (ខ្នាតធំ០៧កន្លែង ខ្នាតមធ្យម០៣កន្លែង និងខ្នាត តូច២០កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំទទួលបានការស្នើសុំបង្កើតកសិដ្ឋានតែចំនួន១០កសិដ្ឋាន ប៉ុណ្ណោះ។ រីឯការនាំចូលមេ-ប្រាជ្រូកពូជគិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ២០.៧៣០ក្បាល ធៀប នឹងឆ្នាំ២០១៩ មានត្រឹមតែ ៧.៨៤០ក្បាល និងកូនជ្រូកពូជ មានចំនួន ១៥៥.០៩០ក្បាល ដែលនៅឆ្នាំ២០១៩ មាន ត្រឹមតែ ២២.១៨០ក្បាល ប៉ុណ្ណោះ។

ការរឹតត្បិតនាំចូល តាមរយៈការរឹតបន្តឹងវិធានការអនាម័យ និងភូតគាមអនាម័យ និងការវិភាគលើហានិភ័យ ផ្នែកប៉េស គឺយកជាវិធានការចម្បងដែលគួរប្រកាន់ យកដើម្បីវិតត្បិតការនាំចូល ដើម្បីចៀសវាងវិធានការតបតពី ប្រទេសជិតខាង ។ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តសហការ ដើម្បីចាត់វិធាន ការ បន្តលើការនាំចូលជ្រូក និងស្បៀងអាហារផ្សេងទៀត ក៏ដូចជា ជម្រុញផលិតកម្មក្នុងស្រុកតាមរយៈជួយដល់សហ គ្រាសតូចៗ និងកសិករ ដើម្បីទទួលបានឥណទាននានា និងបន្តរៀបចំគោលនយោបាយគាំទ្រជាអន្តរវិស័យ ដើម្បី លើកទឹកចិត្តដល់ការចញ្ចឹម និងលក់សាច់ជ្រូក និងផលិតកម្មចំអាហារផ្សេងទៀត នៅក្នុងស្រុក ៕