ថ្ងៃនេះថៃឆ្លងកូវីដ១៩ខ្ពស់បំផុត ២៣.៤១៨នាក់ និងអ្នកជំងឺចំនួន១៨៤នាក់ស្លាប់នៅពេលវេជ្ជបណ្ឌិតព្រមានថា ថៃ៣៥លាននាក់អាចឆ្លងនៅ១០០ថ្ងៃខាងមុខ

បាងកក៖ ២៣.៤១៨នាក់ទៀតបានឆ្លងកូវីដ១៩និងអ្នកជំងឺកូវីដ១៩ចំនួន១៨៤នាក់នាក់បានស្លាប់នៅក្នុងព្រះរាជាណាចក្រថៃនៅ២៤ម៉ោងកន្លងមកនេះ។

នេះជាការឆ្លងកូវីដ១៩ប្រចាំថ្ងៃច្រើនបំផុតដោយចំនួនឆ្លងច្រើនបំផុតពីមុនគឺ២២.៧៨២ ត្រូវបានប្រកាសកាលពីថ្ងៃ១២សីហាម្សិលមិញ ។វាជាថ្ងៃទី២ជាប់គ្នាដែលថៃជួបការឆ្លងខ្ពស់បំផុតមិនដែលជួបតាំងពីឆ្នាំមុនមក។

នៅ២៤ម៉ោងមកនេះ ថៃក៏មានអ្នកជំងឺជាចេញពីមន្ទីរពេទ្យចំនួន២០.០៨៣នាក់ផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ០១មេសាមកពេលកូវីដ១៩រលកទី៣វាយប្រហារប្រទេសនេះមក មានអ្នកឆ្លងកូវីដចំនួន៨៣៤.៣២៦នាក់ តែ៦១៦.៤៥៨នាក់បានជាសះស្បើយ ហើយ៦.៨៤៨នាក់បានបាត់បង់ជីវិត។

ជុំវិញកូវីដ១៩នៅថៃនេះដែរ អាជ្ញាធរបានអោយដឹងថាអ្នកប្រឆាំងតវ៉ាម្នាក់ដែលដាច់ដៃដោយសារផ្ទុះគ្រាប់ផាវក្នុងពេលរូបគេកាន់វាប្រុងគប់លើប៉ូលិសនោះ មានផ្ទុកកូវីដ១៩។អ្នកនាំពាក្យប៉ូលិសបាននិយាយថា បាតុករអាយុ១៤ឆ្នាំមានផ្ទុកកូវីដ១៩ ក្នុងពេលកំពុងសម្រាកព្យាបាលរបួសដៃធ្ងន់ធ្ងរ។

ក្នុងការប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃពុធ ប៉ូលិសបានចាប់ខ្លួនអ្នកប្រឆាំងតវ៉ា១៧នាក់ហើយក្នុងចំណោមពួកគេ មួយចំនួនកើតកូវីដ១៩។

ក្នុងហេតុការណ៍មួយទៀត វេជ្ជបណ្ឌិតថៃម្នាក់ទៀតបានស្លាប់ដោយកូវីដ១៩ ចំពេលមានការអំពាវនាវអោយចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិកសុខាភិបាល។

នៅពេលជាមួយគ្នា អ្នកជំនាញការសុខភាពថៃបានព្រមានថាការឆ្លងនិងស្លាប់ដោយកូវីដ១៩នឹងកើនឡើងនៅ១០០ថ្ងៃខាងមុខដោយសារតែភាគច្រើននៃប្រទេសកំពុងត្រូវរាតត្បាតដោយវីរុសបំប្លែងខ្លួនចម្លងលឿនប្រភេទDelta។

លោកអោយយោបល់ថា រដ្ឋាភិបាលគួរត្រូវបន្ធូរបន្ថយវិធានការរឹតត្បិតទប់ទល់នឹងកូវីដ១៩មុនពេលសេដ្ឋកិច្ចខូចខាតធ្ងន់ធ្ងរ តែត្រូវបង្កើនការចាក់វ៉ាក់សាំង។

វេជ្ជបណ្ឌិត ម៉ានូន ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យVichaiyut Hospitalបាននិយាយថា ការឆ្លងអាចឡើងដល់៣៥លាននាក់និងស្លាប់៣ម៉ឺននាក់នៅ១០០ថ្ងៃទៅមុខ៕