ទីក្រុងចិនជាច្រើនប្រកាសអាសន្នពណ៌ក្រហមអំពីជំនន់ទឹកភ្លៀង ចំពេលដាច់ភ្លើងនិងជន់លិចនៅភាគកណ្តាលប្រទេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទីក្រុងចំនួនប្រាំនៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិនបានប្រកាស “សញ្ញាព្រមានពណ៌ក្រហម”បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនិងបំផ្លាញផ្ទះសម្បែងជាច្រើន ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៦.០០០ នាក់។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិនបាននិយាយថា ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតរួមមានទីក្រុងស៊ុយចូវ ទីក្រុងសៀងយ៉ាង និងទីក្រុងសៀវកាន។

ទីក្រុងយីចេងក៏បានឃើញភ្លៀងធ្លាក់កម្រិត ៤០០ មិល្លីម៉ែត្រផងដែរកាលពីថ្ងៃព្រហស្បតិ៍ទី១២សីហា។យោងតាមសេវាកម្មព័ត៌មានផ្លូវការរបស់ចិនបានឱ្យដឹងថា អាងស្តុកទឹកចំនួន ៧៧៤ នៅខេត្តហ៊ូប៉ីបានលើសកម្រិតប្រកាសអាសន្នទឹកជំនន់របស់ខ្លួននៅល្ងាចថ្ងៃព្រហស្បតិ៍។

កាសែតផ្លូវការ China Dailyដែលស្រង់សម្តីការិយាល័យគ្រប់គ្រងគ្រោះអាសន្នរបស់ខេត្តបាននិយាយថា ជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តនេះបានបំផ្លាញផ្ទះជាង ៣.៦០០ ខ្នងនិងដំណាំចំនួន ៨.១១០ ហិកតា ដោយបង្កការខាតបង់សរុបចំនួន ១០៨ លានយ័ន (១៦,៦៧ លានដុល្លារ) ។

ចិនតែងតែជួបប្រទះនូវជំនន់ទឹកភ្លៀងអំឡុងខែប្រាំងរបស់ខ្លួនប៉ុន្តែអាជ្ញាធរបានព្រមានថាអាកាសធាតុក្តៅខ្លាំងឥឡូវនេះកាន់តែកើតឡើងញឹកញាប់ ដោយសារតែបម្រែបម្រួលអាកាសធាតុ។

មនុស្សប្រមាណ ៨០.០០០ នាក់ត្រូវបានជម្លៀសចេញនៅខេត្តស៊ីឈាន់ភាគនិរតីកាលពីចុងសប្តាហ៍មុន ហើយភ្លៀងធ្លាក់ខ្លាំងនៅខេត្តហឺណានកាលពីខែមុនបានបង្កឱ្យមានទឹកជំនន់ដែលសម្លាប់មនុស្សជាង ៣០០ នាក់។រដ្ឋបាលឧតុនិយមចិនបានព្រមានថា ព្យុះភ្លៀងខ្លាំងទំនងជាបន្តរហូតដល់សប្តាហ៍ក្រោយ ដោយតំបន់នៅតាមដងទន្លេយ៉ាងសេងាយនឹងរងការជន់លិចជាងគេ៕