កម្ពុជា ចរចាជាមួយប្រទេសជាមិត្ត ទិញវ៉ាក់សាំងអាស្រ្តាហ្សេនីកា ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោកជំទាវ យក សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការ លទ្ធកម្មវ៉ាក់សាំង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងចរចាជាមួយប្រទេសជាមិត្តមានដូច ជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងអង់គ្លេសជាដើម ដើម្បីស្វែងរកទិញវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) មកចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជាដូសទី៣ (ដូសជំរុញ) ជូនក្រុមការងារជួរមុខ មានដូចជាកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជាដើម ដើម្បី បង្កើនអង្គបដិបក្ខក្នុងខ្លួនរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្រៅតែពីការចាក់ជូនក្រុមជួរមុខហើយនោះ រាជរដ្ឋាភិបាល ក៏មានគម្រោងចាក់ដូសជំរុញនេះ ជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ចំនួនពីរដូសរួចរាល់ផងដែរ។

ក្នុងពេលអញ្ជើញទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូស នៅព្រលានយន្តហោះនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ពីការស្វះស្វែងរកទិញវ៉ាក់សាំង អាស្ត្រាហ្សេនីកាយ៉ាងដូច្នេះ «គណៈកម្មការចំពោះកិច្ចនៃលទ្ធកម្មវ៉ាក់សាំងយើងបានប្រជុំគ្នាពីរដងទៀតហើយ ក្នុងការព្យាយាមរកប្រទេសមួយចំនួនដែលយើងអាចមានលទ្ធភាពក្នុងការបញ្ជាទិញ។

ចំពោះមុខនេះគឺយើងកំពុងធ្វើការតាមរយៈទូតរបស់យើងនៅប្រទេសជប៉ុន ប្រទេសឥណ្ឌា ហើយនឹង នៅប្រទេសកូរ៉េ។ យើងក៏កំពុងតែប្រឹងប្រែងធ្វើការងារជាមួយប្រទេសអង់គ្លេសផងដែរ ដើម្បីព្យាយាម ចរចាជាមួយរោងចក្រអាស្ត្រាហ្សេនីកា នៅបណ្តាប្រទេសទាំង៤ហ្នឹង ថាតើគាត់មានលទ្ធភាពផ្គត់ផ្គង់ ឱ្យយើងអត់? យើងកំពុងធ្វើការងារហ្នឹងហើយ យើងរំពឹងថា ក្នុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ យើងនឹងទទួលបានដំណឹងពីស្ថានទូតរបស់យើងនៅប្រចាំប្រទេសទាំង៤ហ្នឹង»។

បើទោះបីជាយ៉ាងណា លោកជំទាវ យក់ សម្បត្តិ មិនទាន់បញ្ជាក់បានទេថា ប្រសិនបើកម្ពុជាអាច រកប្រទេសផ្គត់ផ្គង់វ៉ាក់សាំងអាស្ត្រាហ្សេនីកានេះបាន តើនឹងត្រូវទិញក្នុងចំនួនប៉ុន្មានលានដូសមក ចាក់ជូនប្រជាពលរដ្ឋ? លោកស្រី បានបញ្ជាក់ថា ចំនួននៃការទិញ គឺស្ថិតលើការសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយនឹងការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់នាព្រឹកមិញនេះ លោកស្រី យក់ សម្បត្តិ បានអះអាងថា មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃ និងវ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋរួចរាល់ ប្រមាណ ២៤លានដូសហើយ។ លោកស្រី ក៏បានឱ្យដឹងដែរថា នៅចុងខែសីហា នេះ វ៉ាក់សាំង ស៊ីណូវ៉ាក់ប្រមាណ ២លានដូសបន្ថែមទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។

មកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងគ្រប់គ្រាន់តាមផែនការដែលបានដាក់ចេញហើយ ខណៈ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ជិតសម្រេចបានតាមផែនការជាស្ថាពរផងដែរ។

លោកជំទាវ យក់ សម្បត្តិ ក្នុងនាមជាក្រុមការងាររបស់រាជរដ្ឋាភិបាលក្នុងប្រតិបត្តិការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩នេះ បានចាត់ទុកលទ្ធផលនេះជាភាពរីករាយ និងជាមោទនភាពមួយសម្រាប់ រាជរដ្ឋាភិបាល ក្រុមការងារ ក៏ដូចជាប្រជាពលរដ្ឋទាំងមូល។

សម្រាប់លោកជំទាវ យក់ សម្បត្តិ លទ្ធផលដ៏ប្រសើរនេះ សម្រេចបានដោយមានការដាក់ចេញផែន ការ ការចាត់ចែងយ៉ាងម៉ត់ចត់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងនោះក៏មានការប្រឹងប្រែងរបស់ក្រុមការងារព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ។

បើទោះបីលទ្ធផលការចាក់វ៉ាក់សាំងសម្រេចជិតបានជាស្ថាពរយ៉ាងណាក្តី លោកស្រី យក់ សម្បត្តិ ក៏បន្តទទូចដល់ប្រជាពលរដ្ឋមិនត្រូវរីករាយ ហើយបំភ្លេចចោលនូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» នោះឡើយ។ លោកស្រី អំពាវនាវប្រជាពលរដ្ឋបន្តប្រកាន់ខ្ជាប់នូវស្មារតីការពារនេះ ដើម្បី កម្ពុជាយកឈ្នះលើជំងឺកូវីដ១៩ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩៕