ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ស្នើរដ្ឋាភិបាលជប៉ុន បន្តផ្តល់ជំនួយវ៉ាក់សាំង Astra Zeneca និងគាំទ្រឲ្យកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងបន្ថែម

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានស្នើដល់រដ្ឋាភិបាលជប៉ុន តាមរយៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងការ បន្តផ្តល់ នូវជំនួយវ៉ាក់សាំង Astra Zeneca ក៏ដូចជាគាំទ្រ និងសម្របសម្រួល ឲ្យកម្ពុជាអាចបញ្ជាទិញ វ៉ាក់សាំង Astra Zeneca បានបន្ថែមទៀតផងដែរ។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានស្តីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ជួបពិភាក្សា ការងារ តាមប្រព័ន្ធ Video Conference នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រទាំងសម្ភារ:, បច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ជាក់ស្តែង ស្ថិតក្នុងកាលៈទេសៈនៃវិបត្តិសកល ដែលយ៉ាយីដោយសារ វីរុសកូវីដ-១៩ នេះ, រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាវ៉ាក់សាំង Astra Zeneca សរុបចំនួន ១លានដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនេះ ជាកាយវិការសប្បុរសធម៌ និង សន្តានចិត្តដ៏ប្រពៃពីភាគីមិត្ត ។

ក្នុងឱកាសនោះភាគីទាំង២បានពិភាក្សាលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយពី ស្ថានភាពនៃជំងឺកូវីដ-១៩ ត្រូវបានថមថយ ជាពិសេសការស្តារ និងការជំរុញលើការវិនិយោគនៅ កម្ពុជា។

មួយវិញទៀតកម្ពុជា បានស្វាគមន៍នូវការពិចារណាលើផែនការផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច ក៏ដូចជា វិធានការត្រួត ពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែល តែងតែយកចិត្តទុកដាក់ និងផ្តល់នូវកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍដល់កម្ពុជា លើស្ទើរគ្រប់វិស័យ និងចំទិសដៅ ដែលសកម្មភាពទាំងនេះបាន ឆ្លុះបញ្ចាំង អំពីតួនាទីប្រទេសជប៉ុនជា «ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត» ដ៏សំខាន់ចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍកម្ពុជា៕