វ៉ាក់សាំងស៉ីណូវ៉ាក់ ៣លានដូសទៀត ដឹកមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៉ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកពីប្រទេសចិន មកដល់កម្ពុជា វេលា ម៉ោងប្រមាណ ១០៖២០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ថា វ៉ាក់សាំងនេះ នឹងរួមចំ ណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំ ឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាល ដាលលើពិភពលោក បន្ថែមពីលើវិធានការការពារផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការ យុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លានដូសរួចហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

តាមរយៈវ៉ាក់សាំងទាំងនេះ បានជួយឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំ ឡើង បានចំនួនជាង ៨លាននាក់ហើយ។ ដោយឡែកកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់ផងដែរ។

កម្ពុជាមិនត្រឹមតែជាប្រទេសដែលឈានមុខនៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ។ ពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួង ស្ថាប័ននានាផងដែរ។

លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានស្តែងឱ្យឃើញពីការគិតគូរ និងទំនួល ខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល លើការរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដ៏កាចសាហាវ។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ បានបង្ហាញការពេញចិត្ត រីករាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជា ប្រមុខចំពោះកិច្ចប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនពួកគេ។

បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងចំនួន ៤ប្រភេទចាក់ជូនប្រជាពលរដ្ឋរួមមាន៖ ស៉ីណូហ្វាម ស៉ីណូវ៉ាក់ អាស្ត្រាហ្សេនីកា និងចនសុន&ចុនសុន៕