រដ្ឋបាលខេត្តព្រះសីហនុ បន្ថែមពេល១០ថ្ងៃទៀត ដើម្បីចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យ និងកុមារ ដែលនៅសេសសល់មិនទាន់បានចាក់

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យដែល មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលនៅសេសសល់មិនទាន់បានចាក់។

ក្នុងសេចក្ដីជូនដំណឹងដែល បញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្ដចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលនៅសេសសល់មិនទាន់បានចាក់ ក្នុងរយៈពេល១០ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅសាលា បឋមសិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់មាតា បិតា អ្នកអាណាព្យាបាលទាំងអស់ សូមនាំកូន ចៅ ក្មួយ និងអ្នករស់នៅក្នុងបន្ទុកដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នាតាមកាលបរិច្ចេទ និងទីកន្លែងដែលបានបញ្ជាក់ខាងលើកុំបីខាន ដោយភ្ជាប់មកជាមួយប័ណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រកំណើតរបស់សាមីខ្លួន៕