(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដំណើរ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រមាណ១២ម៉ឺននាក់។
សម្រាប់ថ្ងៃដំបូងនៃដំណើរការចាក់នេះ ធ្វើឡើងនៅមណ្ឌលសុខភាពឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលត្រូវចាក់ចំនួន ២ឃុំ ក្រោមវត្តមានសំណេះ សំណាលពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ព្រមទាំងកុមារ និងយុវ័យប្រម៉ាណជាង១,០០០នាក់ ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងក្នុងកិច្ចបើក ដំណើរការចាក់ព្រឹកនេះ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា «ក្តីសង្ឃឹមរបស់កុមារ និងយុវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយរយៈមិនយូរ និងបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង»។
ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថាបើទោះបីក្មួយៗបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយយ៉ាងណាក្តី ក្មួយៗត្រូវតែប្រុងប្រយ័ត្ន ការពារខ្លួន ជាពិសេសប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣កុំ និង៣ការពារ» អនុវត្តឱ្យបានជាប់ជាប្រចាំ។
សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ស្ពឺ និងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមកុមារ និងក្មេង វ័យជំទង់ដែលមានអាយុចន្លោះ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លើគោល ដៅក្រុង/ស្រុកទាំង៨ និងចំនួន១២ទីតាំងរួមមាន៖
*ស្រុកគងពិសី ចាក់នៅមន្ទីរពេទ្យបង្អែកគងពិសី
*ស្រុកបសេដ្ឋចាក់នៅមណ្ឌលសុខភាពបសេដ្ឋ
*ស្រុកភ្នំស្រួចចាក់នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង
*ស្រុកសំរោងទង ចាក់នៅមណ្ឌលសុខភាពត្រពាំងគង
*ក្រុងច្បារមនចាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
*ស្រុកឱរ៉ាល់ចាក់នៅមណ្ឌលសុខភាពជាស៊ីមឱរ៉ាល់ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យ បន្ទាយប្រណាក
*ស្រុកថ្ពងចាក់នៅសាលាបឋមសិក្សាកងខេមរភូមិន្ទ និងមណ្ឌលសុខភាពមនោរុងរឿង
*ស្រុកឧដុង្គចាក់នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ និងមណ្ឌលសុខភាពក្សេមក្សាន្តត្រាចទង។
យោងតាមរបាយការណ៍ របស់អាជ្ញាធរខេត្តកំពង់ស្ពឺ ក្មេងដែលមានអាយុចន្លោះពី១២ ទៅដល់ ក្រោម១៨ឆ្នាំ គឺមានបចំនួនប្រមាណ ១១៥,១៨៧នាក់ ក្នុងនោះស្រី៥៥,៦២៣នាក់ ដែលត្រូវការ វ៉ាក់សាំងប្រម៉ាណជាង២០ម៉ឺនដូស៕