យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១បានអោយដឹងថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃចន្ទ សប្ដាហ៍នេះ (ពេលវេលា នៅវ៉ាស៊ីនតោន) បានចេញសេចក្តីណែនាំ កុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើ ដំណើរទៅកាន់ប្រទេស អ៊ីស្រាអែល, បារាំង, ថៃ, អ៉ីស្លង់ រួមទាំងបណ្ដាប្រទេសជាច្រើនទៀត ដោយសារបារម្ភពីការ កើនឡើងករណីឆ្លង COVID-19 នៅបណ្ដាប្រទេសទាំងនេះ។
សេចក្តីណែនាំកម្រិតធ្ងន់ដោយ CDC ត្រូវបានធ្វើឡើងតាមរយៈបញ្ចូលបណ្ដាប្រទេសខាងលើ ទៅក្នុងកម្រិតប្រកាសអាសន្នលេខ ៤ ដែលជាកម្រិតអាសន្នពី COVID-19 «ខ្ពស់បំផុត» ខណៈ ករណីឆ្លងនៃជំងឺរាតត្បាតមួយនេះ កំពុងកើនឡើងនៅជុំវិញពិភពលោក។
សហរដ្ឋអាមេរិកបានបញ្ចូលបន្ថែមប្រទេសថៃ, អ៉ីស្រាអែល, តំបន់ វែសត៍ ប៊ែង (West Bank) និងតំបន់ Gaza រួមជាមួយ ដែនដីផ្សេងទៀតដូចជាប្រទេសដែនកោះ អារូបា (Aruba) និងដែន ដីបារាំងនៅឯនាយសមុទ្រ ហ្វ្រេន ផូលីណេស៊ី (French Polynesia) ទៅក្នុងបញ្ជីប្រកាសអាសន្ន របស់ខ្លួនដែលមានប្រទេសច្រើនជាង ៧០ ក្នុងនោះក្រៅពីថៃ ក៏មានប្រទេសអាស៊ីអាគេ្នយ៍បីទៀត ដែរគឺ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក ក៏បានចេញការប្រកាសអាសន្នកម្រិតលេខ ៤ ពោលគឺ ណែនាំកុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសបារាំង និងប្រទេសអ៉ីស្លង់ផងដែរ ខណៈ ប្រទេសអូទ្រីស, ក្រូអាត, អែល សាវ៉ាដ័រ, អាហ្សែរបៃហ្សង់, កោះហ្កំា, កេនយ៉ា និងចាម៉ៃកា ត្រូវបាន បញ្ចូលទៅក្នុងកម្រិតប្រកាសអាសន្ន លេខ៣។ បើតាម CDC អ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រូវ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់បណ្ដាប្រទេសទាំងនេះ៕