(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ គឺមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នឹងតម្រូវឱ្យយោធាអាមេរិកចាក់ វ៉ាក់សាំងបង្ការ COVID-19 ជាកាតព្វកិច្ច ឱ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ខណៈរដ្ឋ បាលលោកប្រធានាធិបតី ចូ បៃដិនកំពុងប្រឹងប្រែងទប់ស្កាត់ការឡើងករណីឆ្លងបង្កឡើងដោយវីរុស បំប្លែងថ្មី Delta។
ទីភ្នាក់ងារព័ត៌មាន AP ដោយផ្អែកលើកំណត់ហេតុមួយច្បាប់របស់រដ្ឋមន្ត្រីការពារ ជាតិលោក Lloyd Austin ផ្ញើជូនយោធាអាមេរិក បានឱ្យដឹងទៀតថាកាលបរិច្ឆេទកំណត់ ពីការចាក់វ៉ាក់សាំងអាចនឹងត្រូវបានពន្លឿន ប្រសិនបើផែនការចាក់វ៉ាក់សាំងនេះទទួលបានការ យល់ព្រមពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA ឬករណីឆ្លង នៅតែបន្តកើនឡើង។
លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងស្វែងរកការអនុញ្ញាតពីលោកប្រធានាធិបតី ដើម្បីជំរុញកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់ យោធា មិនឱ្យលើសពីពាក់កណ្ដាលខែកញ្ញាខាងមុខ នេះឡើយ ឬអាចលឿនជាងនេះ នៅក្នុងករណីទទួលបានការយល់ព្រមពី FDA ឬក្នុងករណីចាំ បាច់ដែលតម្រូវឱ្យធ្វើ បែបនេះ»។ នៅក្នុងកំណត់ហេតុនេះលោក Austin ក៏បានក្រើនរំលឹកឱ្យយោធា អាមេរិកទាំងត្រៀមខ្លួនចាក់វ៉ាក់សាំងផងដែរ៕