(តូក្យូ)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១គឺបានអោយដឹងថា ព្យុះទីហ្វុង លូភីត (Lupit) បានវាយប្រហារភាគខាង លិចប្រទេសជប៉ុន កាលព្រឹកព្រហាមថ្ងៃចន្ទនេះ ជាមួយនឹងខ្យល់បោកបក់យ៉ាងសន្ធប់ អមមកជា មួយនូវភ្លៀងធ្លាក់យ៉ាងគំហុក ក្រោយពីវាបានបោកបក់ទៅលើតំបន់កោះ គ្យូស៊ុ (Kyusu) នៃភាគ និរតី និងបង្កឲ្យមានការបាក់ដីផងដែរ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា មានជនរងគ្រោះនៅឡើយទេ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) Lupit គឺជាព្យុះទីហ្វុងទី ៩ ហើយ ដែលបានបោកបក់ ប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២១នេះ ហើយវានឹងរំកិលទៅដែនសមុទ្រជប៉ុន (Japan Sea) នៅ វេលាម៉ោង ៥៖០០នាទីល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅតូក្យូ)។
វាក៏អាចនឹងបង្កឲ្យមានការបាក់ដីនៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ា (Hiroshima) ផងដែរ។
បន្ថែមពីនេះ តំបន់ ភាគខាងជើង, ភាគខាងកើត និងភាគខាងលិចរបស់ជប៉ុន ត្រូវបានអាជ្ញាធរព្យាករណ៍ថា នឹងទទួល រងឥទ្ធិពលនៃព្យុះទីហ្វុង Lupit ដូចជា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់យ៉ាងសន្ធប់ រហូតដល់ថ្ងៃ អង្គារស្អែកនេះ។
សូមជម្រាបថា នៅចំពោះមុខគ្រោះធម្មជាតិខាងលើនេះ អាជ្ញាធរជប៉ុនបានណែនាំឲ្យប្រជាជន មានការត្រៀមលក្ខណៈកម្រិតខ្ពស់ទុកជាមុន ចំពោះការកើតមានគ្រោះទឹកជំនន់ និងបាក់ដី ជា ពិសេសនៅផ្នែកខ្លះនៃខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima), ហ្ស៊ីម៉ាណិ (Shimane), អេហ៊ីម៉ិ (Ehime) និងខេត្ត អូអ៊ីតាក់ (Oita) ជាដើម។
បន្ថែមពីនេះ ទឹកនៅតាមដងទន្លេមួយចំនួននៅក្នុងខេត្ត Hiroshima និង យ៉ាម៉ាគូឈិ (Yamaguchi) ត្រូវបានគេរាយការណ៍ថា កំពុងកើនឡើងលើសពី កម្រិតប្រកាសអាសន្នទៅហើយ៕