(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈមមួយចំនួន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត ចំណែកអភិបាលខេត្តបាត់ដំបង និងសមាជិកអង្គប្រជុំមួយ ចំនួនទៀត បានចូលរួមតាមវីដេអូសន្និសីទ Zoom។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ សម្តេចក្រឡាហោម ស ខេង។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្តោតសំខាន់ទាក់ទងនឹងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ។
សម្ដេចបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយ ប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យប្រ ជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។
សម្ដេចក្រឡាហោម បានបន្ថែមថា ប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបងនិយាយដោយឡែក ក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានា ប្រកបដោយការទទួលខុសត្រូវ ខ្ពស់រួចមកហើយដែរ។ សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែង ដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី។
ឯកឧត្តម ងួន រតនៈ អភិបាលបាត់ដំបង ដំបង ក៏បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ អំពីសភាពការណ៍ទូទៅ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខេត្ត ដែលរួមមានទាំងវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ដែលខេត្តកំពុងជួបប្រទះនារយៈពេលចុងក្រោយនេះ៕