គូឡាឡាំពួរ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃពុធបានជ្រើសរើសរដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេលោក អេរីវ៉ាន់ យូសូហ្វ ជាតំណាងពិសេសរបស់ខ្លួនប្រចាំនៅមីយ៉ាន់ម៉ានៅក្នុងការទម្លុះភាពទាល់ច្រកមួយសំរាប់ការសម្របសម្រួលតំបន់ក្នុងគោលបំណងបញ្ចប់វិបត្តិកាន់តែផុងជ្រៅទៅរបស់ប្រទេសជាសមាជិកអាស៊ានមួយនេះក្រោយការពន្យារពេលរាប់ខែមក។
រដ្ឋមន្ត្រីការបរទេសមកពីសមាគមន៍របស់ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)បាននិយាយថាលោកអេរីវ៉ាន់នឹងចាប់ផ្តើមការងាររបស់លោកនៅមីយ៉ាន់ម៉ាដើម្បី«ស្ថាបនាទំនុកចិត្តនិងជំនឿចិត្តជាមួយនឹងការអាចចូលទៅទាក់ទងបានគ្រប់ភាគីពាក់ព័ន្ធទាំងអស់យ៉ាងពេញលេញ»។
ប្លុកដែលមាន១០ប្រទេសនេះបានស្ថិតក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងអោយខ្លួនចាត់ការលើអំពើហិង្សានិងអស្ថិរភាពនៅមីយ៉ានម៉ា ដែលក៏ជាសមាជិកអាស៊ានមួយ។យោធាមីយ៉ាន់ម៉ាកាលពីខែកុម្ភៈបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី និងបង្ក្រាបលើការតវ៉ាប្រឆាំងខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធក្រោយជំនួបប្រចាំឆ្នាំរបស់ខ្លួន ក្រុមរដ្ឋមន្ត្រីអាស៊ានបានបញ្ជាក់អះអាងឡើងវិញអំពីការព្រួយបារម្ភរបស់គេអំពីសភាពការណ៍នៅមីយ៉ាន់ម៉ា រួមមានសេចក្តីរាយការណ៍អំពីការស្លាប់មនុស្សនិងអំពើហិង្សា។តែពួកលោកមិនបានអំពាវនាវអោយមានការដោះលែងអ្នកជាប់ឃុំនយោបាយទេដោយគ្រាន់តែថាពួកលោក«បានឮ»ការអំពាវនាវសុំផ្តល់សេរីភាពរបស់ពួកគេ។
លោកអេរីវ៉ាន់ស្ថិតចំណោមបេក្ខជនយ៉ាងតិច៤រូបដែលអាស៊ានស្នើឡើង ហើយមីយ៉ាន់ម៉ាត្រូវគេជឿថាចង់បានអតីតអ្នកការទូតថៃម្នាក់៕