(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស។
វ៉ាក់សាំងដែលចក្រភពអង់គ្លេសផ្តល់មកកម្ពុជានេះ គឺជាជំនួយទ្វេភាគី ជាការផ្តល់ដោយផ្ទាល់មក កម្ពុជាតែម្តង មិនបានឆ្លងកាត់តាមមជ្ឈមណ្ឌលកូវ៉ាក់នោះឡើយ។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺរាត ត្បាតកូវីដ១៩ ជាបញ្ហារបស់សកលលោកដែលទាមទារ ឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។
លោកស្រីបានគូសបញ្ជាក់ថាលោកស្រីពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកស្រី បានបង្ហាញការរំពឹងថា វ៉ាក់សាំង ជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះ «វាជាការសំខាន់ណាស់ក្នុងការចាក់វ៉ាក់សាំងដល់មនុស្សឱ្យបានច្រើនបំផុត និងលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់ការរីករាលដាលមេរោគនេះ។ ជាពិសេសមេរោគបំប្លែថ្មី ដែលតា-Delta ដែលបានរកឃើញថ្មីៗនេះ»។
លោកស្រីឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានថ្លែងបន្តថា «វ៉ាក់សាំងជំនួយរបស់អង់គ្លេស នេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។
ខ្ញុំពិតជារីករាយដែលចក្រភពអង់គ្លេស ប្តេជ្ញាចិត្តក្នុងការបរិច្ចាគវ៉ាក់សាំងនៅទូទាំងពិភពលោកទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ»។
ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈ ទ្វេភាគី បន្ទាប់ពីប្រទេសចិន និងជប៉ុន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេស ជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេសជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់ កម្ពុជាជាមួយប្រទេសជាមិត្ត។ មិនមែនមានតែចិន ឬលំអៀងទៅរកចិន ដូចការចោទប្រកាន់មួយ ចំនួននោះឡើយ។
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ពេលនេះលែងនិយាយ អីកើតហើយថា ហ៊ុន សែន ស្អីក៏ពឹងចិន ព្រោះជប៉ុន ឱ្យមកក៏យក អាមេរិកឱ្យមកក៏យក អង់គ្លេស ឱ្យមកក៏យក អូស្ត្រាលី ឱ្យមកក៏យក ខ្ញុំមិនដែលបដិសេធពីពេលណា។
គ្រាន់តែខ្ញុំដឹងច្បាស់ថា ប្រភពណាជាប្រភពបង្អែក ដែលផ្គត់ផ្គង់ឱ្យយើង ទាំងផ្តល់ជំនួយផង ទាំងទិញបានផង»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា រាល់ជំនួយវ៉ាក់សាំងទ្វេភាគី គឺសម្តេចនឹង ចេញទទួលដោយផ្ទាល់នៅព្រលានយន្តហោះ។
សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេស ជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស៕