រដ្ឋាភិបាលវៀតណាមបានបញ្ជាអោយកាត់បន្ថយថ្លៃសេវាទឹកភ្លើងនិងសេវាទូរគមនាគមន៍(ទូរស័ព្ទ អ៊ីនធើណិត…)ដើម្បីជួយគ្រួសារនៅក្នុងតំបន់ដែលអនុវត្តគម្លាតសង្គមសំរាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។គ្រួសារនៅក្នុងតំបន់បិទខ្ទប់ទាំងអស់រួមមានទីក្រុងហូជីមិញនិងហាណូយនឹងទទួលផលប្រយោជន៍ពីថ្លៃទឹកភ្លើងនិងទូរគមនាគមន៍ថោកជាងមុន។
វៀតណាមកំពុងស្ថិតចំកណ្តាលនៃការផ្ទុះកូវីដ១៩ដ៏អាក្រក់បំផុតដែលខ្លួនមិនដែលជួបពីមុន។ចាប់តាំងពីចុងខែមេសាមក ប្រទេសនេះបានកត់ត្រាឃើញអ្នកឆ្លង១៥៣.៦២១នាក់នៅ៦២ខេត្តក្រុងក្នុងចំណោមខេត្តក្រុង៦៣របស់ប្រទេស។កាលពីយប់ថ្ងៃចន្ទ អាជ្ញាធរបានរកឃើញអ្នកឆ្លង៤.២៤៧នាក់ទៀត នាំអោយការឆ្លងពេញមួយថ្ងៃឡើងដល់៧.៤៤៥នាក់៕