(ព្រះសីហនុ)៖ គ្រឿងញៀនសរុបជាង៤៦៨គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបទល្មើស ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តព្រះសីហនុ។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២១ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីថ្នាក់ ដឹកនាំខេត្ត, លោកអគ្គព្រះរាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ តំបន់ខេត្តព្រះសីហនុ, ប្រធាន សាលាដំបូងខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទ ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កម្លាំងចម្រុះបានបញ្ជាក់ថា បរិមាណគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះ គឺពួកឧក្រិដ្ឋ ជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញ ហើយគ្រឿងញៀននេះ បានពង្វក់ស្មារតីអូសទាញ ដល់ជនស្លូត ត្រង់ភាគច្រើនជាយុវវ័យឱ្យប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់បណ្តាលឱ្យខូច សុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍រូមមាន៖ អំពើឃាតកម្ម ចាប់ជំរិត រំលោភ សេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់នឹងរបៀបរៀបរយសាធារណៈក្នុងសង្គមជាតិផងដែរ។
សមត្ថកិច្ចទាំងអស់ ទាំងមន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសា្ថប័ន តុលាការ បានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ ដោយមិនយោគយល់ ឬអត់ឱនដល់ជនទាំងឡាយ ណា ដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះជាដាច់ខាត ហើយបរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើសមត្ថកិច្ចបង្ក្រាបមិនទាន់ពេលវេលាទេនោះ វានឹងបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាព ប្រជាពលរដ្ឋ ជាពិសេសអនាគតយុវវ័យ ដែលជាទំពាំងស្នងឫស្សីរាប់ពាន់ម៉ឺននាក់ ជាក់ជាមិនខាន ឡើយ «ត្រូវនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញឿនបំផ្លាញអនាគតខ្លួន គ្រួសារ និងសង្គមជាតិ ទាំងមូល»៕