ប្រមុខការទូតកម្ពុជាបានលើកឡើងថា ការគោពសិទ្ធិមនុស្ស ត្រូវមានភាពគ្រប់ជ្រុងជ្រោយរួម ដាច់ខាតមិនត្រូវមានស្តង់ដារពីរឡើយ

(ភ្នំពេញ)៖ ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ដែលធ្វើឡើងនាឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៤ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា ការគោពសិទ្ធិមនុស្ស ត្រូវមានភាពគ្រប់ជ្រុងជ្រោយរួម មិនត្រូវឱ្យមានស្តង់ដាពីរឡើយ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល ទទួលបាននៅថ្ងៃទី០៣ ខែសីហានេះ គឺនៅក្នុងជំនួបនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ខណៈដែលអាស៊ានកំពុងប្រឈ មមុខនឹង ផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ មកលើ ប្រជាជនក្រីក្រ អាស៊ានគួរខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន ទាំងនោះ និងបន្តវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបែងចែករវាងការ គោរពសិទ្ធិមនុស្ស និងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្ស ជាតិពីការបន្លំប្រើប្រាស់គោលការណ៍ពិសិដ្ឋទាំងនេះ ដើម្បីបង្កឱ្យមានការស្អប់ខ្ពើម ភាពមិនចុះ សម្រុងក្នុងសង្គម អស្ថិរភាព និងការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងទៀតថា «ការយល់ដឹង និងការគោពសិទ្ធិមនុស្ស ត្រូវមាន ភាពគ្រប់ជ្រុងជ្រោយរួម ដោយគ្មានស្តង់ដាពីរ ហើយគោរពអធិបតេយ្យភាពជាតិរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា»។

ក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្តេជ្ញាចិត្ត ប្រកាន់ខ្ជាប់របៀបវារៈ សិទ្ធិមនុស្ស រួមទាំងការការពារ និងលើកកម្ពស់សេរីភាពស្នូលរបស់ប្រជាជន អាស៊ាន។

ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានជំរុញឱ្យ AICHR កាន់តែសកម្មក្នុងការបំពេញភារកិច្ច លើកកម្ពស់ និងការពារសិទ្ធិមនុស្សទូទាំងអាស៊ាន ជាពិសេសអំឡុងពេលដ៏លំបាកដែលបណ្តាល មកពីការរីករាលដាលជំងឺកូវីដ-១៩៕