កូរ៉េខាងត្បូងប្រកាសរកឃើញអ្នកផ្ទុក «កូវីដ-១៩បំប្លែងថ្មី Delta Plus» ចំនួន២ករណីដំបូង!

(សេអ៊ូល)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១គឺប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី ដែលតា ផ្លឹស (Delta Plus) ០២ករណីដំបូងបំផុត ខណៈប្រទេស អាស៊ី ខាងកើតមួយនេះកំពុងតស៊ូប្រយុទ្ធជាមួយរលកទី៤ ដែលកំពុងឆ្លងរាតត្បាតទូទាំងប្រទេស។

វីរុស COVID-19 បំប្លែងថ្មី Delta Plus ដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍ ក្នុងចំនួនតិចតួចនៅឡើយ នៅតាមប្រទេសមួយចំនួនដូចជា អង់គ្លេស, ព័រទុយហ្កាល់ និងឥណ្ឌា។ បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ករណីឆ្លងវីរុសបំប្លែងថ្មី Delta Plus ដំបូងត្រូវបានរកឃើញលើបុរសម្នាក់មានអាយុ ៤០ឆ្នាំ ដែលមិនធ្លាប់មានប្រវតិ្តធ្វើដំណើរ ទៅបរទេសកាលពីពេលថ្មីៗនេះទេ ហើយករណីឆ្លងវីរុសបំប្លែងថ្មីនេះទី ២ រកឃើញលើអ្នកដំណើរ ម្នាក់មកពីបរទេស។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ១,២០២នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២០២,២០៣នាក់ ក្នុងនោះស្លាប់ ២,១០៤ នាក់ និងជាសះស្បើយ ១៧៧,៩០៩នាក់។ ការរកឃើញករណីឆ្លង COVID-19 កើនឡើងលើស ១,០០០នាក់ក្នុងមួយថ្ងៃ អស់ជាច្រើនសប្តាហ៍មកនេះ បានជំរុញឲ្យកូរ៉េខាងត្បូងអនុវត្តវិធានការ រឹតត្បិតខ្លាំងជាងមុន ដូចជាការតម្រូវឲ្យពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសនៅក្នុង រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ៕