អង្គការសុខភាពពិភពលោក (WHO)បានលើកឡើងថា ករណីកូវីដ១៩ នៅទូទាំងអឺរ៉ុបសរុបកើនលើស ៦០លានករណី ក្នុងនោះស្លាប់ ជាង១.២លាននាក់

(អឺរ៉ុប)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១បានអោយដឹងថា ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំ តំបន់អឺរ៉ុបនៅថ្ងៃចន្ទនេះបានធ្វើរាយការណ៍ឲ្យដឹងថា នៅទូទាំងទ្វីបអឺរ៉ុបបានកត់ត្រាករណីឆ្លង នៃជំងឺកូវីដ១៩ ចំនួន ៦០,០៩៣,៣៩៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១,២២០,៤៨៦នាក់។

នាយកប្រចាំតំបន់លោក Dorit Nitzan បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃ នេះថា ជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តកើនឡើង ហើយគួរឱ្យស្តាយរហូតមកដល់ពេលនេះនៅ ក្នុងតំបន់អឺរ៉ុបមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនជាង១.២លាននាក់ហើយ។

លោកបានសង្កន់ធ្ងន់ថា «វាជាការសំខាន់ដែលបណ្តាប្រទេសនានាបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារអាយុប្រជាជន ដែលងាយរងគ្រោះបំផុតរបស់ពួកគេ និងអ្នកដែលមានហានិភ័យខ្ពស់»។

លើសពីនេះមន្រ្តីរូបនេះបានសម្តែងការព្រួយបារម្ភចំពោះភាពយឺតយ៉ាវ នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅទូទាំងតំបន់អឺរ៉ុប ជាពិសេសក្នុងចំណោមក្រុមប្រជាជនអាទិភាពមានដូចជា ក្រុមមនុស្សដែល មានអាយុលើសពី ៦០ឆ្នាំ និងបុគ្គលិកសុខាភិបាល ដែលមានសក្តានុពលនាំឱ្យមានការចូល មន្ទីរពេទ្យ និងការស្លាប់កាន់តែច្រើន៕