(អាតែន)៖ តាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១បានបញ្ជាក់ថាក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដ៏ធំចំនួនពីរនៅ ប្រទេសក្រិកនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈនាយករដ្ឋមន្រ្តីក្រិក លោក ឃីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) បាននិយាយថា ប្រទេសនេះកំពុងទទួលរងនូវរលកកម្ដៅដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។
បើតាមរូបភាពផ្កាយរណបរបស់សហភាពអ៊ឺរ៉ុបដែលដកស្រង់ចេញដោយក្រុមអ្នកអង្កេតការណ៍ជាតិនៅទីក្រុង អាតែន (Athens) ប្រទេសក្រិកបានបង្ហាញឱ្យដឹងថា ដីចំការស្រល់ និងអូលីវជាង ៣,០០០ហិកតាត្រូវបានដុតបំផ្លាញដោយអគ្គិភ័យ ដែលបានឆាបឆេះកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន នៅជិតទីក្រុង ប៉ាត្រាស (Patras) ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង អាតែន (Athens)។
សេវាកម្មអាកាសធាតុរបស់ប្រទេសក្រិក បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANA ថា ភ្លើងឆេះព្រៃនៅជិតទីក្រុង Patras មិនត្រូវបានគ្រប់គ្រងទាំងស្រុងនោះទេ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ សីតុណ្ហភាពកើនឡើងដល់ ៤៥អង្សាសេត្រូវបានគេព្យាករណ៍សម្រាប់តំបន់ក្បែរនោះ ដែលបង្កឱ្យ មានហានិភ័យខ្លាំងចំពោះផ្ទៃដី ដែលបានទទួលរងនូវរលកកម្តៅរួចទៅហើយ។
ជុំវិញបញ្ហានេះ លោក Kyriakos Mitsotakis បាននិយាយថា យើងកំពុងប្រឈមនឹងរលក កម្ដៅ ដ៏អាក្រក់បំផុត គិតចាប់តាំងពីឆ្នាំ១៩៨៧ ដោយបន្ថែមថា អាជ្ញាធរកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយស្ថានការណ៍នេះ។
លោកក៏បានព្រមានថា រលកកម្ដៅ ដ៏អាក្រក់នេះ ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់បណ្តាញថាមពលអគ្គិសនីផងដែរ ហើយបានសុំឱ្យជនជាតិ ក្រិក ព្យាយាមកំណត់ការប្រើប្រាស់ថាមពលអគ្គិសនីរបស់ពួកគេ នៅពេលរសៀល និងពេលយប់៕