យោងតាមក្រុមអ្នកស្រាវជ្រាវជនជាតិដាណឺម៉ាកបានឱ្យដឹងថា ផ្ទាំងទឹកកកនៃកោះហ្គ្រីនលែនបានជួបប្រទះនូវ “ព្រឹត្តិការណ៍រលាយដ៏ធំ” ក្នុងអំឡុងរលកកំដៅដែលឃើញសីតុណ្ហភាពកើនលើសពី ១០ អង្សាសេតាមបទដ្ឋានប្រចាំរដូវ។
វេបសាយ Polar Portal ដែលដំណើរការដោយក្រុមអ្នកស្រាវជ្រាវដាណឺម៉ាកបានរាយការណ៍ថា ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ផ្ទាំងទឹកកកគ្របដណ្តប់លើដែនដីទ្វីបអាក់ទិកដ៏ធំបានរលាយប្រហែល ៨ ពាន់លានតោនក្នុងមួយថ្ងៃ ដែលខ្ពស់ជាងអត្រាមធ្យមទ្វេដងនៅរដូវក្តៅ។
វិទ្យាស្ថានឧតុនិយមដាណឺម៉ាកបានរាយការណ៍អំពីសីតុណ្ហភាពលើសពី ២០ អង្សាសេគឺច្រើនជាងពីរដងនៃសីតុណ្ហភាពរដូវក្តៅធម្មតានៅភាគខាងជើងកោះហ្គ្រីនលែន។អាកាសយានដ្ឋានណឺឡឺរីតអ៊ីណាតនៅភាគឦសាននៃដែនដីនេះបានកត់ត្រាសីតុណ្ហភាព ២៣,៤ អង្សាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាកំណត់ត្រាខ្ពស់បំផុតនៅទីនោះចាប់តាំងពីកំណត់ត្រានានាបានចាប់ផ្តើម។
ជាមួយនឹងរលកកម្តៅដែលប៉ះពាល់ដល់ហ្គ្រីនលែនភាគច្រើននៅថ្ងៃនោះ វេបសាយ Polar Portal បានរាយការណ៍អំពីព្រឹត្តិការណ៍រលាយដ៏ធំមួយពាក់ព័ន្ធនឹងទឹកដែលគ្រប់គ្រាន់ដើម្បីគ្របដណ្តប់រដ្ឋផ្លរីដាដោយទឹកកម្ពស់ពីរអ៊ីញ។
ការរលាយផ្ទាំងទឹកកកដ៏ធំបំផុតនៅហ្គ្រីនលែនគឺបានកើតឡើងរដូវក្តៅឆ្នាំ ២០១៩ ។ប៉ុន្តែវេបសាយនេះបានបន្ថែមថា តំបន់ដែលការរលាយទឹកកកបានកើតឡើងលើកនេះមានទំហំធំជាងកាលពីពីរឆ្នាំមុន។ផ្ទាំងទឹកកកហ្គ្រីនលែនគឺជាផ្ទាំងទឹកកកទឹកសាបធំជាងគេទីពីរនៅលើភពផែនដី ដែលមានផ្ទៃដីជិត ១,៨ លានគីឡូម៉ែត្រការ៉េ ដោយចាញ់តែទ្វីបអង់តាក់ទិកមួយប៉ុណ្ណោះ៕