រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទទី២សីហាបានជំរុញឱ្យមីយ៉ាន់ម៉ាអនុម័តទទួលស្គាល់ការតែងតាំងបេសកជនពិសេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំប្រទេសនេះ។
ប្រាំមួយខែបន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទដើម្បីសម្រេចតែងតាំងបេសកជនម្នាក់ដែលមានភារកិច្ចបញ្ចប់អំពើហិង្សានិងជំរុញការសន្ទនារវាងរបបយោធានិងគូប្រជែងរបស់ខ្លួន។
និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយតាមរយៈសន្និសីទតាមវីដេអូ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូឌី បាននិយាយថា អាស៊ានមិនមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការអនុវត្តផែនការប្រាំចំណុចរបស់ខ្លួនដើម្បីបញ្ឈប់ភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានប្រកាសកាលពីខែមេសាទេ។
លោកស្រីបាននិយាយថា ការបង្អែបង្អង់បែបនេះ “មិនផ្តល់ផលល្អដល់អាស៊ានទេ” ហើយប្រសិនបើភាពអសកម្មនៅតែបន្ត បញ្ហានេះគួរតែប្រគល់ជូនមេដឹកនាំនានាដើម្បីផ្តល់ការណែនាំ។
មីយ៉ាន់ម៉ាត្រូវបានអង្រួនដោយការបង្ក្រាបដ៏ប្រល័យទៅលើការតវ៉ា ការដួលរលំសេដ្ឋកិច្ច និងការភៀសខ្លួនរបស់ប្រជាជនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។ការកើនឡើងនៃករណីឆ្លងមេរោគកូរ៉ូណាបានធ្វើឱ្យទន់ខ្សោយប្រព័ន្ធសុខាភិបាលរបស់ខ្លួន ដោយរឹតធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗកាលពីខែកន្លងទៅ៕