រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាថ្កោលទោសមេយោធាចំពោះការកាន់តំណែងនាយករដ្ឋមន្ត្រី

សមាជិករដ្ឋាភិបាលស្រមោលដែលបង្កើតឡើងដោយក្រុមប្រឆាំងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី២សីហាបានថ្កោលទោសមេដឹកនាំយោធារបស់ប្រទេសនេះចំពោះការកាន់តួនាទីជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលចាំផ្ទះ ហើយនិយាយថា ចំណាត់ការនេះត្រូវបានរៀបចំឡើងដើម្បីព្យាយាមទទួលបានភាពស្របច្បាប់។

មេដឹកនាំយោធាលោកមីន អ៊ុងហ្លាំងបានធ្វើការប្រកាសបែបនេះនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យគឺប្រាំមួយខែគត់បន្ទាប់ពីកងទ័ពបានដណ្តើមអំណាចដោយផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រីអ៊ុងសានស៊ូជី។

“រដ្ឋាភិបាលបណ្តោះ អាសន្ន” ឥឡូវគឺចូលជំនួសក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)ដែលដឹកនាំដោយលោកមីន អ៊ុងហ្លាំង ដែលបានដឹកនាំប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ។

លោកអ៊ុង ម្យ៉ូមីន រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សនៅក្នុងរដ្ឋាភិបាលរួបរួមជាតិ (NUG)ដែលបង្កើតឡើងកាលពីខែមេសាដោយក្រុមផ្សេងៗរួមទាំងសមាជិកគណបក្សរបស់លោកស្រីស៊ូជីនិងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដទៃទៀត បាននិយាយថា”ការផ្លាស់ប្តូរពីក្រុមប្រឹក្សាយោធាទៅជារដ្ឋាភិបាលចាំ ផ្ទះគឺជាការឆ្លុះបញ្ចាំងពីការពិតដែលថាពួកគេកំពុងត្រៀមខ្លួនសម្រាប់សមរភូមិផ្នែកការទូតអន្តរជាតិ ដោយព្យាយាមបង្ហាញភស្តុតាងថា ពួកគេគឺជារដ្ឋាភិបាល”។

លោកអ៊ុង ម្យ៉ូមីន បាននិយាយនៅក្នុងសារបង្ហោះនៅលើហ្វេសប៊ុកថា “ទោះយ៉ាងណា គ្មានការបដិសេធទេដែលថា យោធាមិនត្រូវបានជ្រើសរើសដោយប្រជាជន”។

អ្នកអានព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋ Myawaddyបាននិយាយកាលពីថ្ងៃអាទិត្យថា ការបង្កើតរដ្ឋាភិបាលចាំផ្ទះនេះត្រូវបានធ្វើឡើងដើម្បីបំពេញភារកិច្ចរបស់ប្រទេសឱ្យបានឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាព។

នៅក្នុងសុន្ទរកថា លោកមីន អ៊ុងហ្លាំងបានសន្យាម្តងហើយម្តងទៀតថានឹងរៀបចំការបោះឆ្នោតនៅត្រឹមឆ្នាំ ២០២៣ហើយនិយាយថារដ្ឋបាលរបស់លោកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយបេសកជនប្រចាំតំបន់ស្តីពីមីយ៉ាន់ម៉ា។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)បានដឹកនាំកិច្ចប្រឹងប្រែងការទូតជាច្រើនហើយរដ្ឋមន្ត្រី ការបរទេសអាស៊ានបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទដើម្បីព្យាយាមតែងតាំងបេសកជនម្នាក់សំរាប់ជួយបញ្ចប់អំពើហិង្សានិងជំរុញការសន្ទនាដើម្បីបញ្ចប់វិបត្តិនេះ៕