ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍នៅក្រុងហាណូយ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកនិងវៀតណាមបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការសេវាវេជ្ជសាស្ត្រនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោកឡយ អូស្ទីន និងសមភាគីវៀតណាម ផាន វ៉ាន់ យ៉ាង បានព្រមព្រៀងគ្នាថានឹងអោយអាទិភាពលើកិច្ចសហប្រតិបត្តិការយោធានៅលើផ្នែកមួយចំនួន រួមមានកិច្ចសហការអំពីសេវាវេជ្ជសាស្ត្រយោធាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជម្នះផលវិបាកនៃសង្គ្រាម ធ្វើអោយប្រសើរឡើងសមត្ថភាពអនុវត្តច្បាប់សមុទ្រ បណ្តុះបណ្តាលទាហាន ព្រមទាំងការយោគយល់គ្នាអំពីសមត្ថភាពនិងតំរូវការផងគ្នា នៅក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្មអន្តរជាតិ។
ប្រមុខយោធាប្រទេសទាំង២ក៏បានព្រមព្រៀងបន្តអនុវត្តអនុស្សរៈនៃការយោគយល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការយោធាដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ២០១១ និងសេចក្តីថ្លែងការណ៍ទស្សនវិស័យរួមស្តីពីទំនាក់ទំនងយោធាដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។
ភាគីទាំងពីរបានចែករំលែកទស្សនៈស្តីពីសារសំខាន់នៃការគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់បណ្តារដ្ឋតាមឆ្នេរសមុទ្រ ដោះស្រាយជម្លោះ
ដោយអហិង្សា ព្រមទាំងរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនិងមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងសេរីភាពអាកាសចរណ៍ក៏ដូចជានាវាចរណ៍នៅក្នុងសមុទ្រស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ស្តីពីច្បាប់សមុទ្រ។នៅចុងបញ្ចប់នៃកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ អំពីកិច្ចសហការលើការស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុទាហានអាម៉េរិកបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម៕