អាម៉េរិកជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអ.ស.បដាក់សម្ពាធលើមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ

អ្នកការទូតជាន់ខ្ពស់អាម៉េរិកម្នាក់កាលពីថ្ងៃព្រហស្បតិ៍ទី២៩កក្កដាបានទទូចដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.បឱ្យដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ាដើម្បីបញ្ឈប់អំពើហិង្សានិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយព្រមានថា ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងភាពអត់ឃ្លានកាន់តែកើនឡើង “បើយើងពន្យារពេលកាន់តែយូរ មនុស្សស្លាប់កាន់តែច្រើន”។

ឯកអគ្គរដ្ឋទូតរងអាម៉េរិកលោក ជេហ្វ្រេ ដេឡូរិនទីស បាននិយាយថា មីយ៉ាន់ម៉ាកំពុងមានភាពតក់ស្លុតយ៉ាងខ្លាំងពីការកើនឡើងករណីឆ្លងកូវីដ១៩ ហើយប្រឈមនឹង”មហន្តរាយសុខភាពដែលកំពុងកើនឡើង” ដែលជាលទ្ធផលផ្ទាល់នៃ “ភាពឃោរឃៅនិងបរាជ័យផ្នែករដ្ឋបាលរបស់យោធាចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពី ៦ ខែមុន”។ លោកនិយាយថាអំពើហិង្សានិងការបង្ក្រាបរបស់យោធាបានបណ្តាលឱ្យមនុស្សរាប់សែននាក់ត្រូវផ្លាស់ទីលំនៅហើយមនុស្សរហូតដល់ ២,៨ លាននាក់ទៀតអាចប្រឈមនឹងកង្វះស្បៀងអាហារ។

ការអំពាវនាវរបស់លោកឱ្យមានសកម្មភាពពីក្រុមប្រឹក្សាសន្តិសុខកើតឡើងបន្ទាប់ពីមានការអំពាវនាវកាលពីពីរថ្ងៃមុនដោយលោកថម អេនឌ្រូជាអ្នកស៊ើបអង្កេតពិសេសរបស់អ.ស.បទទួលបន្ទុកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ឱ្យក្រុមប្រឹក្សាសន្តិសុខនិងរដ្ឋជាសមាជិកទាំង ១៩៣ របស់អ.ស.បជំរុញឱ្យមាន “បទឈប់បាញ់អំឡុងពេលមានជំងឺកូវីដ” ជាបន្ទាន់ក្រោយមានការផ្ទុះឡើងនៃការឆ្លងមេរោគកូរ៉ូណានិងការស្លាប់។

លោកអេនឌ្រូបានព្រមានថា “នៅមីយ៉ាន់ម៉ាមានមនុស្សច្រើនណាស់ស្លាប់ទទេៗហើយមនុស្សជាច្រើនទៀតនឹងស្លាប់បើគ្មានចំណាត់ការពីអង្គការសហប្រជាជាតិ។អ.ស.បត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការវាយប្រហារ ការយាយីនិងការឃុំខ្លួនរបស់របបយោធាក្នុងគ្រាមានវិបត្តិកូវីដ១៩…ដូច្នេះទើបវេជ្ជបណ្ឌិតនិងគិលានុបដ្ឋយិការអាចផ្តល់ការមើលថែសង្គ្រោះជីវិតហើយអង្គការអន្តរជាតិនានាអាចជួយផ្តល់វ៉ាក់សាំងនិងការថែទាំវេជ្ជសាស្ត្រពាក់ព័ន្ធដទៃទៀត”៕