អាជ្ញាធរខេត្តសៀមរាបដាក់ឃុំកំពង់ឃ្លាំង ជាតំបន់ក្រហម និងតំបន់លឿងទុំ២ឃុំទៀត នៃស្រុកសូទ្រនិគម

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅយប់ថ្ងៃទី២៩ កក្កដា បានចេញសេចក្ដីសម្រេច ដោយកំណត់យកឃុំកំពង់ឃ្លាំង ជាតំបន់ក្រហម និងឃុំ២ទៀតនៅជាប់នោះ គឺឃុំកៀនសង្កែ និងឃុំដានរុន នៃស្រុកសូទ្រនិគម ជាតំបន់លឿងទុំ។

ភូមិសាស្រ្ដខាងលើត្រូវបានកំណត់ជាតំបន់ក្រហម និងលឿងទុំ រយៈពេល២សប្ដាហ៍ រាប់ចាប់ពីថ្ងៃទីយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ អាជ្ញាធរបញ្ជាក់ថា ការសម្រេចបិទខ្ទប់ភូមិសាស្រ្ដខាងលើនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ចំពោះតំបន់ក្រហម អាជ្ញាធរហាមពលរដ្ឋទាំងអស់ធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន។ សកម្មភាពដែលអាចអនុញ្ញាត រួមមាន ធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ទៅជួបមន្រ្តីសុខាភិបាល ដើម្បីយកសំណាក ឬចាក់វ៉ាក់សាំង ក្នុងតំបន់ក្រហម ដោយមានការអនុញ្ញាតពីសមត្ថកិច្ច។

ក្នុងនោះ ការធ្វើដំណើររបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងតំបន់បិទខ្ទប់ ត្រូវមានលិខិតបញ្ជាបេសកកម្ម។ល។

ក្រៅពីតំបន់ស្រុកសូទ្រនិគម ក្នុងសេចក្ដីសម្រេចមួយដោយឡែកទៀត រដ្ឋបាលខេត្តក៏សម្រេចដាក់សង្កាត់ចំនួន៤ក្នុងក្រុងសៀមរាប ជាតំបន់លឿងទុំផងដែរ។ សង្កាត់ទាំងនោះមាន សង្កាត់ស្លក្រាម ស្វាយដង្គំ សាលាកំរើក និងសង្កាត់គោកចក។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអាជ្ញាធរខេត្ត សម្រេចដាក់ឃុំកំពង់ឃ្លាំងជាតំបន់ក្រហម ដែលលើកទី១ ធ្វើឡើងនៅដើមខែ មិថុនា ខណៈដែលមានករណីឆ្លងក្នុងសហគមន៍គួរឱ្យកត់សម្គាល់៕