ព្រឹកថ្ងៃនេះវ៉ាក់សាំងកូវីដ១៩ជំនួយអាមេរិក មកដល់កម្ពុជា, រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលវ៉ាក់សាំង

(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជា ជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស រំពឹងដឹកមកដល់ថ្ងៃទី០២ ខែសីហា។

ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់ សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺ រាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់អាមេរិកនេះ នឹងមានរៀបចំពិធីប្រគល់ និងទទួលនៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងអញ្ជើញ ទទួលវ៉ាក់សាំងនេះ។

ពិធីនេះក៏មានការចូលរួមពីភារធារីស្ថានទូតអាមេរិក លោក Ben wohlauer, តំណាងអង្គការសុខ ភាពពិភពលោក និងអង្គការ UNICEF ផងដែរ។
សូមបញ្ជាក់ថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រ មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំង ការផ្តល់ជំនួយ និងការបញ្ជាទិញ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាស ផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់ គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕