ប្រទេសថៃជួបការឆ្លងនិងស្លាប់ដោយកូវីដ១៩ខ្ពស់បំផុតជាថ្មី ដោយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩កក្កដានេះក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៧.៦៦៩នាក់និងអ្នកជំងឺកូវីដចំនួន១៦៥នាក់ទៀតស្លាប់នៅ២៤ម៉ោងកន្លងទៅ។
សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩រលកទី៣វាយប្រហារប្រទេសនេះមក អាជ្ញាធរបានរកឃើញអ្នកឆ្លងសរុប៥៣២.១៦៧នាក់ ៣៥២.៨៦៤នាក់ជាសះស្បើយនិង៤.៤៦៨នាក់ស្លាប់។នេះជាការស្លាប់និងឆ្លងខ្ពស់បំផុតដែលថៃមិនដែលជួប ដោយចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតកាលពីមុនគឺ១៤៤នាក់កាលពីថ្ងៃ១៧កក្កដា និងឆ្លង១៦.៥៣៣នាក់កាលពីថ្ងៃពុធទី២៨កក្កដា។
ប្រឈមការឆ្លងនិងការស្លាប់ដោយកូវីដ១៩ក្នុងកំរិតគួរអោយភ័យខ្លាច កាលពីម្សិលមិញនាយករដ្ឋមន្ត្រីថៃបានចេញមកធានាថាស្ថានការណ៍កូវីដ១៩នៅក្នុងប្រទេសនឹងធូរស្រាលទាល់តែ៤សប្តាហ៍ទៅ៦សប្តាហ៍ទៀត។
ប្រភពស្និទ្ធនឹងនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានស្រង់សម្តីលោកដែលបាននិយាយថា«ផ្អែកលើភស្តុតាងវេជ្ជសាស្ត្របច្ចុប្បន្ន ខ្ញុំសង្ឃឹមថាសភាពការណ៍នឹងបានប្រសើរឡើងនៅ៤ទៅ៦សប្តាហ៍ខាងមុខ…»៕