នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ «ការចាក់វ៉ាក់សាំងតែមួយមុខ មិនអាចធ្វើឲ្យទីក្រុងស៊ីដនី រួចផុតពីការបិទខ្ទប់ឡើយ»

(ស៊ីដនី)៖ តាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថានាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាន ថ្លែងថា ការចាក់វ៉ាក់ សាំងបង្ការជំងឺ COVID-19 តែមួយមុខ នឹងមិនអាចបញ្ចប់វិធានការបិទខ្ទប់ នៅទីក្រុងស៊ីដនីបានទេ ខណៈប្រជាជននៅទីក្រុងមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតរបស់ ប្រទេសនេះ កំពុងប្រឈមនឹងការបន្តអនុវត្តវិធានការបិទខ្ទប់រយៈពេលមួយខែទៀត ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។

លោក Morrison បានគូសបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍នេះថា «ខ្ញុំចង់និយាយថា យើងពិតជាអាចជួយបាន… ហើយយើងគួរត្រូវបង្កើនការ ចាក់វ៉ាក់សាំង ដើម្បីជួយជំរុញដល់វិធានការបិទខ្ទប់របស់យើង ប៉ុន្តែមិនមែនមានន័យថា វ៉ាក់សាំងនឹង បញ្ចប់វិធានការបិទខ្ទប់នេះទេ»។

បើតាមលោក Morrison បានបង្ហាញសង្ឃឹមថា វិធានការបិទខ្ទប់ដ៏តឹងរឹង ដែលត្រូវបានដាក់ឲ្យបន្ត អនុវត្ត នៅក្នុងតំបន់កំពុងរងផលប៉ះពាល់ខ្លាំងបំផុត នៃទីក្រុងស៊ីដនី អាចជួយទប់ស្កាត់ការឆ្លងរីក រាលដាល នៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta នេះបាន ខណៈការចាក់វ៉ាក់សាំង គឺជារឿងចាំ បាច់មួយទៀត ដើម្បីសម្រេចគោលដៅនៃការទប់ទល់វីរុសនេះ៕