ប្រទេសម៉ាឡេស៊ីកត់ត្រាករណីកូវីដជាង១៧.០០០នាក់ខ្ពស់បំផុតលើកទី៩នៅខែកក្កដានេះ

ម៉ាឡេស៊ីបានបំបែកឯតទគ្គកម្មមួយទៀតសម្រាប់ករណីថ្មីនៃជំងឺកូវីដ១៩ កាលពីថ្ងៃពុធទី២៨ កក្កដា ជាមួយអ្នកឆ្លងថ្មីចំនួន ១៧.៤០៥ នាក់។ ក្នុងចំនួននេះមានតែ ៦ នាក់ប៉ុណ្ណោះជាករណីនាំចូលពីបរទេស។

ជាងពាក់កណ្តាលនៃករណីថ្មីទាំងនេះជាថ្មីម្តងទៀតគឺមកពីតំបន់ជ្រលងភ្នំក្លាង ដោយ ៧.១៧១ ករណីគឺនៅរដ្ឋសេឡានហ្គ័រ និង ២.៨៨០ ករណីនៅទីក្រុងកូឡាឡាំពួ។

ចំនួនករណីឆ្លងនៅរដ្ឋកេដាក៏នៅតែខ្ពស់ដែរគឺ ១.១១២ ករណី ខណៈរដ្ឋសាបានិងរដ្ឋចូហ័ររាយការណ៍ ៩១៣ ករណីនិង ៧៦៧ ករណីរៀងៗខ្លួន។

ក្រសួងសុខាភិបាលក៏បានប្រកាសពីអ្នកស្លាប់ចំនួន ១៤៣ នាក់ទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ ៨.៥៥១ នាក់។

បច្ចុប្បន្ននេះមានអ្នកជំងឺ ១.០១៦ នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយធ្លាក់ចុះបន្តិចពីចំនួន ១.០២៣ នាក់កាលពីថ្ងៃអង្គារ។ ក្នុងចំណោមនោះមាន ៥២៩ ត្រូវការម៉ាស៊ីនជំនួយដកដង្ហើម។

ករណីឆ្លងកើនឡើងខ្ពស់បែបនេះកើតឡើងបន្ទាប់ពីប្រទេសនេះរាយការណ៍ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃអង្គារខណៈការស្លាប់ក៏ឈានដល់កម្រិតខ្ពស់ផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

នេះគឺជាឯតទគ្គកម្មប្រចាំថ្ងៃលើកទី ៩ របស់ម៉ាឡេស៊ីនៅខែនេះ បន្ទាប់ពីប្រទេសនេះមានអ្នកឆ្លងកូវីដហួសតួលេខ ១ លាននាក់ក្នុងអំឡុងរយៈពេលបីថ្ងៃមុននេះ៕