ក្រុមអ្នកស្ម័គ្រចិត្តថៃកាលពីថ្ងៃពុធទី២៨កក្កដាបានប្រែក្លាយឃ្លាំងផ្ទុកទំនិញនៅអាកាសយានដ្ឋានដនមឿងក្នុងទីក្រុងបាងកកទៅជាមន្ទីរពេទ្យទីវាលដែលមានគ្រែចំនួន ១.៨០០ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ ខណៈប្រទេសនេះកំពុងដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាដ៏ធំបំផុតរបស់ខ្លួន។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរហូតដល់ ១៦.៥៣៣ នាក់បូករួមទាំងអ្នកស្លាប់ថ្មីចំនួន ១៣៣ នាក់កាលពីថ្ងៃពុធដោយនាំឱ្យករណីឆ្លងសរុបកើនឡើងដល់ ៥៤៣.៣៦១ នាក់និងស្លាប់ ៤.៣៩៧ នាក់។
កម្មករបានខួងជញ្ជាំងសម្រាប់ដំឡើងបង្គន់ និងរៀបចំគ្រែនិងភួយ។
វេជ្ជបណ្ឌិត រៀនថង ណានណា ប្រធានមន្ទីរពេទ្យមង្គលវតនា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “នេះគឺជាមន្ទីរពេទ្យទីវាលកម្រិត ១+ ដែលអាចទទួលអ្នកជំងឺក្នុងចំនួនច្រើន ដែលមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ”។
លោកបានបន្ថែមថា “ប៉ុន្តែប្រសិនបើស្ថានភាពអ្នកជំងឺកាន់តែយ៉ាប់យ៉ឺន ពួកគេនឹងត្រូវផ្លាស់ទៅមន្ទីរពេទ្យទីវាលមួយទៀតរបស់យើង ដែលមានឈ្មោះថា ពីតាក់រ៉ាចាន់ (ការពារព្រះមហាក្សត្រ)” ។
លោកវេជ្ជបណ្ឌិតរៀនថង ជាឧត្តមសេនីយ៍ចូលនិវត្តន៍និងជាមេដឹកនាំរាជានិយមមួយរូប បាននិយាយថា មន្ទីរពេទ្យទីវាលនេះនៅមិនទាន់ដំណើរការនៅឡើយទេ ព្រោះត្រូវការការរៀបចំបន្ថែមទៀត។
លោកបានបន្ថែមថា ចំនួនករណីឆ្លងនឹងបន្តកើនឡើងហើយមន្ទីរពេទ្យទីវាលច្រើនទៀតនឹងត្រូវការជាចាំបាច់៕